ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ត្រូវពង្រឹងគុណភាពផ្លូវតាមទីជនបទ ឱ្យកាន់តែរឹងមាំ ពិសេសការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

(ខេត្តមណ្ឌលគិរី)÷ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ត្រូវពង្រឹងគុណភាពផ្លូវតាមទីជនបទ ឱ្យកាន់តែរឹងមាំ ប្រើប្រាស់បានយូអង្វែង ជាពិសេសការសម្រេចឱ្យបានផែនការ គ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសារតាមទីជនបទ កាន់តែប្រសើរឡើង។ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបខេត្តមណ្ឌលគិរី ​នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ព្រមទាំងលោក ទាវ​ ស៊ាងហ័ន នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូប។

បន្ទាប់ពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអានរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងារអនុវត្តកន្លងមក ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សម្រេចបានក្នុងរយះពេលកន្លងមកនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកដ៏សំខាន់ នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តម រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ បានបន្តលើកឡើងពីសារសំខាន់ នៃការអភិវឌ្ឍជនបទ ដោយផ្ដោតលើវិស័យ អាទិភាពទាំង៤ របស់ក្រសួងរួមមាន ៖ ១. អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវរួមសហការ សាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរ និងត្រូវរួមសហការជាមួយ ថ្នាក់ដឹកនាំខេត្ត ស្រុក/ក្រុង ព្រមទាំងមន្ទីរដែលពាក់ព័ន្ធ ធ្វើយ៉ាងណាសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១៣ចំនុច សំដៅប្រែក្លាយប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានគាំទ្រចំពោះការលើកផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសំណូមពរ នូវការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងជាចាំបាច់ពុំអាចខ្វះបាន ទាំងបច្ចេកទេស និងធនធាន ពិសេសគឺការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីរត់ឱ្យទាន់សម័យបច្ចេកវិទ្យាឌីជីថល។ លោក អភិបាលរងខេត្ត បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងបន្តខិតខំអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងធ្វើឱ្យខេត្តមណ្ឌលគិរីមានផ្លូវធ្វើដំណើរល្អ ពិសេសទីជនបទដាច់ស្រយាល៕

Leave a Reply

Your email address will not be published.