ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅបរិវេណសាលាស្រុកមេមត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយករង ទីចាត់ការជំនាញ នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ស្រេង លី អភិបាលស្រុកមេមត់ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំ ទាំង១៤ ឃុំ អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
លោក ស្រេង លី បានថ្លែងការស្វាគមន៍ ដោយមានជារបាយការណ៍សកម្មភាព វឌ្ឍនភាពស្រុក និងបានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ក្នុងឆ្នាំ២០២៥នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាការវិនិយោគ និងការអភិវឌ្ឍន៍មូលដ្ឋាន ពិតជាបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ស្រុកមេមត់ សម្រាប់ឆ្នាំ២០២៦ គឺមានគោលបំណងសំខាន់ ដើម្បីធានាបានថា គម្រោងអាទិភាព ដែលបានស្នើដោយឃុំទាំង ១៤ នៅទូទាំងស្រុក មានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយ និងសកម្មភាពរបស់បណ្ដាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជននានា។
ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមរយៈការវិភាគ និងចរចារវាងភាគីពាក់ព័ន្ធទាំងអស់ គោលដៅចម្បង គឺការប្រមូលផ្តុំធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ឯកឧត្តម បានសំណូមពរ ដល់មន្ទីរ អង្គភាព និងអង្គការនានា ត្រូវពិនិត្យ ពិចារណា និងសម្រេចចិត្តគាំទ្រគម្រោងសកម្មភាពអាទិភាពដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋានរបស់ស្រុក និងឃុំ ជៀសវាងការគាំទ្រក្រៅគម្រោងដែលមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំនីមួយៗ ត្រូវធ្វើការកែសម្រួល និងពន្លឿនការងារបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនោះទៅសាលាខេត្ត និងមន្ទីរផែនការខេត្តឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គម្រោងអាទិភាព ដែលបានស្នើឡើង សម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងឃុំទាំង ១៤ នៅស្រុកមេមត់ មានចំនួន ៦៩១គម្រោង ក្នុងនោះមាន ៤ ផ្នែក៖ ផ្នែកសេដ្ឋកិច្ច ២០៤គម្រោង, ផ្នែកសង្គមកិច្ច ២៤៤គម្រោង, ផ្នែកធនធានធម្មជាតិ ៩៩គម្រោង និងផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៤៤គម្រោង ។ ជាលទ្ធផលបណ្តោះអាសន្ននៃសិក្ខាសាលានេះ គម្រោងរបស់ស្រុកមេមត់ ទទួលការគាំទ្រ សរុបមានចំនួន ២៥០គម្រោង គម្រោងមន្ទីរវិស័យក្នុង មាន ១២២គម្រោង មន្ទីរវិស័យក្រៅ ១០៣គម្រោង និងអង្គការក្រៅ មានចំនួន ២៤គម្រោង ដោយលទ្ធផលគាំទ្រគម្រោងសរុប ៣៦,១៨%៕