ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ឌុង អញ្ជើញអធិបតីក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ នៃការបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហេង សំរិន ចក ដែលមានទីតាំងនៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំ លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការនៃរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក-ឃុំ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ញ៉េប សុខជា នាយកសាលាវិទ្យាល័យ ហេង សំរិន ចក បានថ្លែងការស្វាគមន៍ និងបានអានរបាយការណ៍សង្ខេបជម្រាបជូនអង្គពិធីជ្រាប។ លោកនាយក បានគូសបញ្ជាក់អំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលសាលាមានបេក្ខជនសរុប ១៧០នាក់ (ស្រី ១០៥នាក់) ហើយក្នុងនោះ មានបេក្ខជនប្រឡងជាប់ ១៥៥នាក់ (ស្រី ៩៨នាក់) ស្មើនឹង ៩១,១៨% (ស្រី ៩៣,៣៣%)។ លទ្ធផលនេះ រួមមាន៖
.និទ្ទេស A: ៧នាក់ (ស្រី ៥នាក់)
.និទ្ទេស B: ៩នាក់ (ស្រី ៨នាក់)
.និទ្ទេស C: ៥២នាក់ (ស្រី ៣៥នាក់)
.និទ្ទេស D: ៥៨នាក់ (ស្រី ៣៥នាក់)
.និទ្ទេស E: ២៩នាក់ (ស្រី ១៥នាក់)

បន្ទាប់ពីតំណាងសិស្សានុសិស្សបានឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្តម ម៉ៅ ឌុង បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះក្មួយៗកូនៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីដ៏ត្រចះត្រចង់នេះ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីជ្រាប ដើម្បីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងសារលិខិតក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដើម្បីអនាគតដ៏រុងរឿងរបស់កម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ៅ ឌុង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលោកនាយក លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហេង សំរិន ចក ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ មិនគិតពីការនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប ដោយមានការអត់ធ្មត់ ប្រកបដោយក្តីស្រឡាញ់ និងការតាំងចិត្តខ្ពស់ក្នុងការបង្រៀន។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយសក្តានុពល និងភាពប៉ិនប្រសប់ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ គឺទី១៖ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀមឡើយ» និង ទី២៖ រាជរដ្ឋាភិបាលមិនបានទុកពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ពីថ្នាក់លើដល់មូលដ្ឋាន គឺនៅជាមួយពលរដ្ឋ និងកងទ័ពគ្រប់កាលៈទេសៈ។ លទ្ធផលនៃយុទ្ធសាស្ត្រនេះ ធ្វើឱ្យកម្ពុជាអាចរក្សាទឹកដីរបស់ខ្លួនបាន លើគោលការណ៍ច្បាប់ និងអធិបតេយ្យភាពជាតិ ហើយក្នុងពេលជាមួយគ្នានេះ ក៏បានបង្កើតគ្រឹះសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ ទាក់ទាញវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.