ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨)

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការកសាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិល ខេត្ត (២០២៦-២០២៨) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ ដែលរៀបចំ និងសម្របសម្រួលឡើង ដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល (ជាន់ទី២ ផ្នែកខាងលើ នៃមន្ទីរធម្មការ និងសាសនាខេត្ត) នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក-លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។

លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញជូនអង្គវេទិកាជ្រាប មានចំនួន  ៣ ចំណុច សំខាន់ៗ ដូចជា ៖ ការធ្វើបទបង្ហាញវេទិការពិគ្រោះយោបល់ស្តីពីការកសាង កម្មវិធីវិនិយោគ បី ឆ្នាំរំកិលខេត្ត(២០២៦-២០២៨), ការធ្វើបទបង្ហាញអំពីការផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ដល់បណ្តា ក្រុង/ស្រុក សម្រាប់ឆ្នាំ ២០២៦ និងបទបង្ហាញចំនួនគម្រោងអាទិភាពរបស់ក្រុង/ស្រុក ឃុំ/សង្កាត់ សម្រាប់ ឆ្នាំ២០២៦ និងភ្ជាប់ការផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍ រយៈពេល៥ ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរផែនការខេត្តត្បូងឃ្មុំ ដែលបានយកចិត្ដទុកដាក់រៀបចំឲ្យមានជាវេទិកានេះឡើង ក្នុងគោលបំណងដើម្បីបង្ហាញអំពីតម្រូវការ នៃការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយនេះ ថ្នាក់ដឹកនាំមន្ទីរជំនាញ និងអង្គការដៃគូក្នុងខេត្ដ សូមចូលរួមបំពេញភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានយ៉ាងសកម្ម ក្នុងកិច្ចដំណើរការកសាង និងអភិវឌ្ឍន៍ខេត្ដ កាន់តែមានការរីកចម្រើនជាបន្ដបន្ទាប់លើគ្រប់វិស័យ សំដៅធ្វើការគាំទ្រចំពោះកិច្ចដំណើរការ កែទម្រង់លើប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានស្នើដល់មន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្ដទុកដាក់ ឱ្យបានខ្លាំងឡើងថែមទៀត ក្នុងការរៀបចំផែនការសកម្មភាព អភិវឌ្ឍន៍វិស័យស្នូលរបស់ខ្លួនឱ្យបានរឹងមាំ មានទិសដៅច្បាស់លាស់ សំដៅរួមចំណែក អភិវឌ្ឍន៍ខេត្ដ ឱ្យមានសន្ទុះរីកចម្រើនរឹងមាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព ឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការ វិនិយោគ ការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published.