(ត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ (ស.ស.យ.ក) បានដឹកនាំអនុប្រធាន សមាជិក-សមាជិកា អញ្ជើញចូលរួម កាន់បិណ្ឌ និងរាប់បាត្រ វេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ) ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីឧទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរយុទ្ធជន ដែលពលីក្នុងបុព្វហេតុជាតិមាតុភូមិ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមតម្រាចារ ជាប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា ដោយក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត ។ ដូចនេះហើយ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា បានរួចផុតពីក្ដីលំបាក។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ នេះ ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន ញាតិកាទាំង ៧ សន្ដាន និងយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែលបានពលីជីវិត ក្នុងការការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ក៏ដើម្បីជាការតបស្នងសងគុណ ដល់ញាតិសណ្ដាន និងបុព្វបុរសទាំងនេះ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមបានទៅកាន់ទីបុរមសុខ។
ទន្ទឹមនេះ ក៏ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិ ឲ្យបានឃើញច្បាស់ពីគោលជំហរដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួបរួមកម្លាំងសាមគ្គីផ្ទៃក្នុង ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងលើកស្ទួយវិស័យវប្បធម៌ សាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើកនេះ ក៏ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ លើកកម្ពស់ពីគុណតម្លៃ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង ឱ្យដល់គ្រប់ស្រទាប់មហាជន ពិសេសយុវជនជំនាន់ក្រោយ ចងចាំជានិច្ចទុកក្នុងក្រអៅបេះដូង និងចូលរួមថែរក្សាការពារ ឲ្យបានគង់វង្សយូរអង្វែងរៀងទៅ៕