ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារវះកាត់ ១ខ្នង នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវះកាត់ សម្ភព និងរោគស្ត្រី មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដោយមានការឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅមន្ទីរពេទ្យបង្អែកក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានសម្តែងការស្វាគម និងបានលើកឡើងពីរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យ ជូនគណៈអភធិបតី និងអង្គពិធីជ្រាប ដោយក្នុងនោះ អគារមន្ទីរពេទ្យថ្មី ១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទំហំ ១៧,៥ម៉ែត្រ x ២៦ម៉ែត្រ មាន ៩បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត២ ដែលមានផ្នែក សម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ, និងសេវាផ្សេងទៀត។ អគារថ្មីនេះ ត្រូវបានជួសជុលកែលម្អរ ដោយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា ចំណាយពេលសាងសង់អស់រយៈពេល ៦ខែ គឺចាប់ពីខែមិនា ដល់ខែសីហា ឆ្នាំ២០២៥នេះ មានជាសំណង់អគារ ព្រមទាំងបំពាក់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងគ្រឿងសង្ហារឹម ជាច្រើនមុខ។

ក្នុងនោះដែរ លោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ជូននេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសិទ្ធផលសម្រេចបាននានានៅទូទាំងប្រទេសនាពេលកន្លងមក ដែលជាជំនួយមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ ក្នុងបេសកកម្មមនុស្សធម៌នៅកម្ពុជា ជាពិសេសដើម្បីពង្រីកសមត្ថភាពការផ្តល់សេវាកម្ម របស់មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំបន្ថែមទៀត និងសូមចូលរួមថែទាំយ៉ាងត្រឹមត្រូវ និងប្រើប្រាស់ឲ្យបានយូរអង្វែង។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសមិទ្ធផលអគារវះកាត់ ក្នុងមន្ទីរពេទ្យបង្អែក ព្រះនរោត្តមឧត្តមសីហនុត្បូងឃ្មុំ ថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុងសួង ក្នុងឆ្នាំ២០២៥ ហើយក៏ជាសក្ខីភាពរួម ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា«ការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ដែលនេះ ជាការចូលរួមលើកស្ទួយវិស័យសុខាភិបាល សម្រាប់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកថា ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការចូលរួមយ៉ាងសកម្ម ពីសមាគមក្នុងភាពជាដៃគូអភិវឌ្ឍន៍ ការគាំទ្រថវិកា បច្ចេកទេស ឧបករណ៍សម្ភារៈ បរិក្ខារ ជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន និងបានរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាព ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងក៏ជាផ្នែកមួយ ចូលរួមក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាអាទិភាពជាយុទ្ធសាស្ត្រមួយ ដែលវិស័យសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់ដើម្បីការកែលម្អគុណភាពសេវាសាធារណៈ បានកាន់តែប្រសើរឡើងថែមទៀត។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជាទស្សនទានមួយចំនួនផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដើម្បីចូលរួមចំណែកលើកស្ទួយសមត្ថភាព និងឆន្ទៈ ក្នុងការអនុវត្តភារកិច្ច របស់មន្ត្រីសុខាភិបាលប្រកបដោយ គុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្ត មកលើប្រព័ន្ធសុខាភិបាល។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ ទាំងការផ្តល់សុខភាពជូនប្រជាពលរដ្ឋ ទាំងផ្នែកទំនាក់ទំនង ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ក្នុងការពង្រឹង ការចូលរួមអនុវត្តកម្មវិធីរបស់ក្រសួងសុខាភិបាល ។  បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រ ដែលបានជួសជុលកែលម្អអគារវះកាត់នេះ ដែលនេះជាគម្រោងមនុស្សធម៌ដ៏ថ្លៃថ្លា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមលើក កម្ពស់វិស័យសុខាភិបាលនៅកម្ពុជា សំដៅចូលរួមពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត កាន់តែទំនើប គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ៕

Leave a Reply

Your email address will not be published.