ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិកម្ពុជា

(ត្បូងឃ្មុំ) ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីនិមន្តព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិត ក្នុងបុព្វហេតុ ប្រទេសជាតិមាតុភូមិកម្ពុជា និងឧទ្ទិសមហាកុសលដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិគ្រប់សន្តាន នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ គេហដ្ឋាន ឯកឧត្ដម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ  ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសប្រារព្ធពិធីបុណ្យ ដ៏មានអត្ថន័យនេះ ព្រះសង្ឃបានសូត្រធម៌ បង្សុកូល ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និង វីរនគរបាលជាតិ គ្រប់រូបដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលកើតចេញពីសធាជ្រះថ្លា របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ព្រមទាំងបុត្រ ក៏ដូចជាឯកឧត្តម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លី ស៉ីណៃ ម៉ុនមាគ៌ា ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី រួមនឹងថ្នាក់ដឹកនាំខេត្ត លោកឧកញ៉ា កងកម្លាំងទាំង បី និងមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងនោះដែរ បងប្អូន អ៊ុំ ពូ មីង លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីនេះ ក៏បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងកងទ័ពថៃ(សៀម) ដែលបានឈ្លានមកលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

តាមរយៈការ និមន្តព្រះសង្ឃ បង្សុកូល នេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ម៉ុន មាគ៌ា និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពុទ្ធបរិស័ទ សូមសម្តែងការគាំទ្រ និងជឿជាក់ ចំពោះគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានប្រកាន់ខ្ជាប់ នូវសុខសន្តិភាព ជាអត្តសញ្ញាណរបស់កម្ពុជា សន្តិភាព ជាជំហរដ៏ភ្លឺចញ្ចាំងចញ្ចាចនៅក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជារៀងដរាប។

សូមជម្រាបជូនថា ការរៀបចំពិធីបុណ្យនេះឡើង គឺជាការបង្ហាញនូវការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះគំរូវីរភាព និងគុណូបការៈដ៏ធំធេងរបស់វិរកងទ័ព និងវីរនគរបាលជាតិ គ្រប់រូបដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជាឱ្យទទួលបានសុខសន្តិភាព៕

Leave a Reply

Your email address will not be published.