ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ“រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”

(មណ្ឌលគិរី)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំសហគមន៍គ្មាន គ្រឿងញៀន” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្ត រួមទាំងលោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ប្រមាណជា ១.០០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក «ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង»ហើយកម្ពុជា នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល ។ លោកជំទាវ ក៏បានលើកឡើងថា សន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

លោក ចាន់ រតនា អភិបាលរងខេត្ត បានឲ្យដឹងថា ការរៀបចំពិធីនេះ គឺពិតជាមានសារសំខាន់ណាស់ គឺដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងស្រទាប់យុវជនគ្រប់រូប និងសិស្សានុសិស្ស ឱ្យបានយល់ដឹង និងចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងការ ផលិត ការចែកចាយ ការចរាចរ ការជួញដូរ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចូលរួមគាំទ្រ អនុវត្ត និងទទួលខុសត្រូវ ដើម្បីធ្វើឱ្យជីវិត និងអនាគតរបស់យើង សហគមន៍យើង ឃុំ សង្កាត់ យើង ក្រុង ស្រុក យើង និងខេត្តរបស់យើង គ្មានគ្រឿងញៀន ព្រោះថា បញ្ហាគ្រឿងញៀន ជាបញ្ហាសង្គមមួយដ៏ស្មុគស្មាញ ដែលប្រជាជាតិ និងប្រទេសមួយចំនួននៅលើសកលលោក បានទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យប្រទេសជាតិមានភាពស្មុគស្មាញ និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្គ្រាបករណីធំៗគិតចាប់ពី ១គីឡូក្រាមឡើងបានចំនួន ២ ករណី ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៥នាក់ ក្នុងនោះរួមមាន ៖ ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ០១ករណី ជនសង្ស័យចំនួន ០២នាក់ ដកហូតបានគ្រឿងញៀនសរុបទម្ងន់ ២,៣៧៦ គីឡូក្រាម (ប្រភេទកេតាមី ចំនួន ១,៨៣២ គីឡូក្រាម និងប្រភេទ អ៊ិចស្តាស៊ីចំនួន ៥៤៤ក្រាម) បង្គ្រាបនៅចំណុចប៉ុស្តិ៍ច្រកទ្វាេទ្វភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីដាំរុក្ខជាតិញៀនខុសច្បាប់ ១ករណី ជនសង្ស័យចំនួន ៣នាក់ ដកហូតបានកញ្ឆាស្ងួតចំនួន ២កញ្ចប់ ទម្ងន់ ២៧៨.៨១ក្រាម និងកញ្ឆាស្រស់ចំនួន ១ ០.៦៧១ ដើម ទម្ងន់ ១,២០៥គីឡូក្រាម ដុតបំផ្លាញចោល នូវនិងកន្លែង ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published.