(ត្បូងឃ្មុំ) ៖ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ ក្នុងមូលដ្ឋានស្រុក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណវត្តគិរីសុវណ្ណារាម (ហៅវត្តបុស្សតាអឹម) ស្ថិតនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ សរុបប្រមាណជិត ១,០០០នាក់។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកមេមត់ ឆ្នាំ២០២៤ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងពីគោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៤ ព្រមទាំងសមិទ្ធផល របស់រដ្ឋបាលស្រុក យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលស្រុកយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ឲ្យកាន់តែល្អប្រសើរឡើង។
លោក ស្រេង លី អភិបាលស្រុកមេមត់ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា នៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធ ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ជាលទ្ធផលសម្រាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចភាគីពាក់ព័ន្ធ បានលើកឡើងនូវសំណួរផ្ទាល់មាត់ និងសរសេរ មានចំនួន២១ (ក្នុងនោះមានសំនូមពរ ៧) ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ, អគ្គិសនី,អត្រានុគោលដ្ឋាន, ចរាចរណ៍, សេវារដ្ឋបាល, បញ្ហាល្បែងស៊ីសង និងបញ្ហាដីធ្លី ជាពិសេសដីតំបន់រ៉ែលោហៈ ក្នុងមូលដ្ឋានឃុំជាំតាម៉ៅ និងតំបន់ព្រំប្រទល់ជាប់ឃុំ។
ក្នុងនោះត្រូវបានលោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាល នៃគណអភិបាលស្រុកមេមត់ ព្រមជាមួយសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺនិងដោះស្រាយសំណូមពរ ជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់នាពេលកន្លងមក ឲ្យបានកាន់តែយល់ច្បាស់លាស់ និងទទួលយកបាន។
លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុកមេមត់ ក៏បានជម្រុញដល់អាជ្ញាធរឃុំ និង មន្ទីរ អង្គភាពពាក់ព័ន្ធ សូមរួមសហការគ្នាធ្វើការដោះស្រាយនូវរាល់បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ទៅតាមភាពជាក់ស្តែង នៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ៕