ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមហេង សួរ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ថ្ងៃទី22ខែធ្នូឆ្នាំ2023
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។

ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។

ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅដើម្បីផ្តល់ភាពកក់ក្តៅជូនពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ ក៏នឹងបន្តរៀបចំបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីផងដែរថា ក្នុងអាណត្តិទី៧នេះ ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់និងជាអាទិភាពសម្រាប់ក្រសួងក្នុងការយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ:ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅរួមដែលចង់បានការលើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានាជូនពលករទេសន្តរប្រវេសន៍៕

Leave a Reply

Your email address will not be published.