(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ ផែនការ និងវិនិយោគខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ ស្មៀនឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានមានមតិស្វាគមន៍ និងបានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិលនេះ ជាឱកាសដ៏សំខាន់ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព បីឆ្នាំរំកិល (២០២៦- ២០២៨) និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ ។ ជាមួយគ្នានេះ ក៏ជាវេទិកាសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងគម្រោងវិនិយោគរបស់ស្រុក និងឃុំ ព្រមទាំងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងសប្បុរសជនផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ នី ចាន់ធីតា បានថ្លែងថា អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ស្រុក និងឃុំ នៅថ្នាក់ក្រុង ស្រុក ក្នុងក្របខណ្ឌស្រុកតំបែរ សម្រាប់ឆ្នាំ២០២៦ នេះ គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាព ដែលបានស្នើដោយឃុំ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព។
លោកជំទាវអភិបាលរងខេត្ត បានស្នើដល់មន្ទីរ អង្គភាព ក៏ដូចជាភាគីពាក់ព័ន្ធ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាព ដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ស្រុក និងឃុំ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។ ទន្ទឹមនេះ ក្រុមប្រឹក្សាឃុំ ត្រូវកែសម្រួល និងបញ្ចប់ការរៀបចំកម្មវិធីវិនិយោគ បី ឆ្នាំរំកិល ឃុំ និងកិច្ចសន្យានានា រួចបញ្ជូនឯកសារទាំងនេះ ទៅទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត និងមន្ទីរផែនការខេត្ត ឱ្យបានឆាប់បំផុត ដោយមានការជួយជ្រោមជ្រែងពីមន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ។
សូមបញ្ជាក់ដែរថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុក និងឃុំទាំង ៧ ក្នុងក្របខណ្ឌស្រុកតំបែរ ឆ្នាំ២០២៦-២០២៨ ដែលបានលើកឡើង ក្នុងឆ្នាំ២០២៦ មានចំនួន ៤៦៦គម្រោង ក្នុងនោះមាន ៤ ផ្នែក៖ ផ្នែកសេដ្ឋកិច្ច ១១២គម្រោង, ផ្នែកសង្គមកិច្ច ២៦៥គម្រោង, ផ្នែកធនធានធម្មជាតិ ៤៣គម្រោង និងផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ៤៦គម្រោង ។
ជាលទ្ធផលបណ្តោះអាសន្ននៃសិក្ខាសាលានេះ គម្រោងរបស់ស្រុកតំបែរ ទទួលការគាំទ្រ សរុបមានចំនួន ៣៨គម្រោង គម្រោងក្នុង មាន ២២គម្រោង និងគម្រោងក្រៅ មានចំនួន ១៦គម្រោង ៕