ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ (២១ មិថុនា ២០២៥) ព្រមទាំងពិធីចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ នៅក្នុងភូមិផ្ទះអតីតយុទ្ធជន ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទិវានេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី អតីតយុទ្ធជន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត នាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងខេត្ត ។
ជាមួយគ្នានោះ ឯកឧត្តម បានលើកឡើងថា យោងលើប្រវត្តិហែលឆ្លងយ៉ាងច្រើនដំណាក់កាល ជាមួយនឹងការបូជាលះបង់ឥតគណនារបស់អតីតយុទ្ធជន នាពេលកន្លងមក បន្ថែមពីលើគោលនយោបាយគិតគូរល្អិតល្អន់ចំពោះអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យក ថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន វីរយុទ្ធនារី ដែលជាអតីតកងកម្លាំងប្រដាប់អាវុធប្រកបដោយមនសិការស្នេហាជាតិ និងការលះបង់ដ៏ខ្ពស់បំផុត។
ម្យ៉ាងទៀត មិនត្រឹមតែថ្ងៃ ២១ មិថុនានោះទេ គឺយើងនឹកឃើញ និងដឹងគុណពួកគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែការកំណត់ទិវានេះ គឺជាឱកាសជួបជុំដ៏មហោឡារិកមួយ ដែលអាចឲ្យបងប្អូនអតីតយុទ្ធជន បានជួបជុំមិត្តចាស់ មិត្តរួមអាវុធ រំលឹកឃើញនូវអនុស្សាវរីយ៍ល្អៗ ដែលគឺជាការបំផុសស្មារតីដ៏សំខាន់មួយ សម្រាប់អតីតកងកម្លាំងរបស់យើង។
ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងប្រទេស។
បន្ថែមពីនេះ ឯកឧត្តម ក៏កោតសរសើរចំពោះមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន ដែលគឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាន និងប្រៀបដូចជាការតបស្នងគុណូបការៈដ៏ធំធេងចំពោះពួកគាត់ទាំងអស់គ្នា។
បើតាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ុន លំអង់ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន៣,០២៨នាក់ ក្នុងនោះ និវត្តជនចំនួន១,១១០នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន៤៣នាក់ ជនពិការចំនួន៩៣១នាក់ ជនពលី៦០៥នាក់ និងមរណៈចំនួន ៣៣៩នាក់ ចំណាយថវិកាប្រចាំខែសរុបចំនួន១៣ ,១០៦,៧៣៨,១២៦រៀល។
ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចែកអំណោយ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដោយយថាហេតុផ្សេងៗ ចំនួន២០៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ១បេ ទឹកត្រី ទឹកសុីអ៉ីវ ត្រីខ មី និងថវិការ៥ម៉ឺនរៀលផងដែរ៕