(ខេត្តព្រះវិហារ) ÷បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធន់ធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបញ្ជាក់ថា៖ បើចង់ឲ្យព្រៃឈើនៅគង់វង្ស ត្រូវបង្ក្រាបចាប់ពីក្នុងព្រៃ រហូតដល់លើថ្នល់ និងសិប្បកម្មកែច្នៃ នោះមានន័យថា៖ មន្ត្រីជំនាញត្រូវតែអនុវត្តន៍ បង្ក្រាប និងទប់ស្កាត់ ទាំងការកាប់ឈើក្នុងព្រៃ ការដឹកជញ្ជូនដឹកជញ្ជូនឈើ រួមទាំងរបស់កែច្នៃរួច ដែលដឹកទៅលក់នៅក្រៅខេត្ត ព្រមទាំងរោងសិប្បកម្មផងដែរ ។
នាយឧត្តមសេនីយ៍ ម៉ៅ ស៊ីផាន បានបន្តថា៖ បើគ្មានការ បើកដៃពីមន្ត្រីប្រចាំការ គ្មានអ្នកទទួលទិញ គ្មានការដឹកជញ្ជូន គ្មានការច្នៃ ការកាប់បំផ្លាញព្រៃឈើមានការថយចុះ។ តើយើងអាចធ្វើបានទេ? តែមកទល់ពេលនេះគឺត្រូវតែធ្វើឲ្យបាន ព្រោះមន្ត្រីជំនាញអនុវត្តច្បាប់មានច្រើនទាំងក្នុងព្រៃ និងលើដងផ្លូវ។ នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖ ល្មមហើយដែលត្រូវ វះកាត់ បើឲ្យតែពួកអស់លោកបណ្ដែតបណ្ដោយតទៅទៀត មិនថាតែសត្វព្រៃទេគ្មានទីជំរក មនុស្សលោកក៏ពិបាកនិងរស់ដែរ ហេតុដូចនេះត្រូវចូលរួមការពារ និងទប់ស្កាត់ឲ្យទាន់ពេលវេលា ហើយត្រូវតាមដានវែកមុខអ្នកនៅពីក្រោយខ្នងបទល្មើសព្រៃ និងអ្នកបើកដៃ(រួមគំនិត) បំផ្លាញព្រៃឈើ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានពាក្យថាលើលែង៕ដោយ
និពន្ធនាយករង សាន ប៊ុនស៊ី