ព័ត៌មានជាតិ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥

(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លី សាមិ​​ ប្រធានមន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក​​គ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។

ក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត​​ បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានលេីកឡេីងថា ប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើនទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា និងនៅក្នុងគ្រួសារ។ លោក អភិបាលរងខេត្ត បានលេីកទឹកចិត្ត ដល់យក្មួយៗសិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។ ក្នុងនោះដែរ លោក ជាក់ ម៉េងហ៊ាន ក៏បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធ សូមបន្តជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រទាំងប្រាជ្ញាស្មារតី ទាំងសម្ភារ ដើម្បីរួបរួមគ្នាកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលសង្គមជាតិត្រូវការ ក្នុងន័យរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទាំងខេត្ត តាមរយៈការផ្តល់ចំណេះដឹង ប្រកបដោយគុណភាព និងមានសីលធម៌ល្អចេះរួមរស់ជាមួយគ្នា ស្របតាមគោលនយោបាយ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងជាពិសេសឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ ទូទាំងខេត្តមានសាលារៀនគ្រប់កម្រិតសិក្សាចំនួន ១៨១សាលា និងមានសិស្សសរុបចំនួន២៦.៣១៣នាក់ ស្រី ១៣.០៩៦នាក់ ក្នុងនោះសិស្សជាជនជាតិដើមភាគតិចមានចំនួន ៩.៥៤៤នាក់ ស្រី ៤.៩៤៨នាក់។

នាឱកាសនោះដែរ គណៈអធិបតី បានអញ្ជើញចែកលិខិតសរសើរដល់សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ និងសិស្សដែលប្រឡងជាប់និទ្ទេសA​​ ក្នុងនោះឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភ សៀវភៅ១ពាន់ក្បាល ដីខ្មៅនិងជ័រលុប៥០០ដើម៕

Leave a Reply

Your email address will not be published.