ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៤
មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមទាំង មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។
ឯកឧត្តម បានជម្រុញដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះបទល្មើសគ្រប់រូបភាពដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដូចជាល្បែងស៊ីសងខុសច្បាប់ បញ្ហាប្រើប្រាស់និងជួញដូរគ្រឿងញៀន ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងជួយអន្តរាគមន៍ដល់ពលរដ្ឋនៅតាមមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាទឹក ទោះបីជាខេត្តមណ្ឌលគិរី មានទំនប់ទឹក ប្រឡាយ បឹងបួរច្រើន តែប្រជាពលរដ្ឋនៅតែប្រឈមការខ្វះប្រភពទឹកប្រើប្រាស់ ដោយសារនៅឆ្នាំនេះអាកាសធាតុមានការប្រែប្រួល និងមានភ្ញៀងធ្លាក់តិច។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បន្តថា យោងតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមានសម្តេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានរឹតបន្តឹងនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ កាន់តែប្រសើរជាងមុននិងត្រូវលុបបំបាត់ ភាពអសកម្មរបស់មន្រ្តីរាជការផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់កងម្លាំងប្រដាប់វុធទាំងអស់ក្នុងខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕