(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៅគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ពជួរមុខ ដែលរស់នៅក្នុងស្រុកមេមត់ ចំនួន ៥៩គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅសាលជួបជុំ នៃវរសេនាតូចថ្មើរជើងលេខ២១២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ និងគ្រួសារវីរៈកងទ័ពជួរមុខទាំងអស់ គ្រប់កាលៈទេសៈ។
ឯកឧត្តមអភិបាលបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរៈកងទ័ព នាពេលនេះ គឺដើម្បីបានចូលរួមជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល ក៏ដូចជាជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនវីរៈកងទ័ពជួរមុខ ដែលមានគ្រួសារកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំ ឱ្យពួកគាត់ទទួលបាននូវភាពកក់ក្តៅ មានការហូបចុកគ្រប់គ្រាន់ និងអាចកាត់បន្ថយការលំបាក ក្នុងការរស់នៅ ក្នុងរយៈពេលដ៏ចាំបាច់នេះ ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ប៉ែន កុសល្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរៈកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
អំណោយដែល ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំយកមកប្រគល់ផ្ទាល់ចែកជូនគ្រួសារវីរៈកងទ័ព នាពេលនេះ ដោយក្នុង ១គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ភេសជ្ជៈ ១កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកស៉ីវ ១យួរ, ធូបមូស ៤ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។
តាមរយៈការចុះជួបសំណេះសំណាល និងចែកអំណោយដោយផ្ទាល់ នាពេលនេះ ក្រុមគ្រួសារវីរៈកងទ័ព បានសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភបានទាន់ពេលវេលា៕