ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៥
(ខេត្តត្បូងឃ្មុំ) ៖ រដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានក្រុងសួង, ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី ១ ក្រុមការងារ និងឯកឧត្តម សួង សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានទី ២ ក្រុមការងារ
ស្ថិតបរិវេណវត្តជ្រៃបិទមាស ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រុមការងារខេត្ត ក្រុមការងារក្រុង និងសង្កាត់ទាំង ២ នាយក-នាយករងរដ្ឋបាល ប្រធាន-អនុប្រធាន មន្ត្រីការិយាល័យចំណុះ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន នាយកសាលា មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ តំណាងសាសនា អង្គការសង្គមស៊ីវិល អាជីវករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានសំដែងការស្វាគមន៍ ដោយបានជម្រាបជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីស្ថានភាពភូមិសាស្ត្រ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរចនាសម្ព័ន្ធរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ដោយបានលើកឡើងពីការគិតគូរ យកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបច្ចុប្បន្ន ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងរដ្ឋបាលក្រុង បានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍មូលដ្ឋានក្រុង ឱ្យមានការរីកចម្រើនជាជំហានៗ ឆ្លើយតបទៅនឹងសំណូមពរ នៅតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់។
ក្នុងអង្គវេទិកានេះ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានក្រុងសួង រួមជាមួយ ឯកឧត្តម ង៉ូវ បូរីណា អនុប្រធានទី១ និង ឯកឧត្តម សួង សុភ័ណ្ឌ អនុប្រធានទី២ ក្រុមការងារ បានដឹកនាំការឆ្លើយតបចំពោះ បញ្ហាប្រឈម និងសំណូមពរ ចំនួន ០៩ករណី ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហាកសាង និងជួសជុលផ្លូវ បញ្ហាការទុកដាក់សំរាម បញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាក្រុមក្មេងទនើង ព្រមទាំងមានការស្នើសុំជួសជុលឡដុតសំរាមនៅភូមិពណ្ណរាយ និងសុំថ្មមិចចាក់ផ្លូវដែលកំពុងរងការខូចខាត ដែលត្រូវបានដោះស្រាយនៅនឹងកន្លែង ដោយទទួលបានការសាទរពីតំណាងប្រជាពលរដ្ឋដែលបានចូលរួមប្រកបដោយភាពស្និតស្នាល។
ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងមានគោលនយោបាយអទិភាពមាន ៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ការរៀបចំជាវេទិការសាធារណៈនេះ គឺជាឱកាសដ៏ល្អមួយ ដែលបង្កើនភាពស្និទស្នាលរវាងរាជរដ្ឋាភិបាល រដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាឱកាស ដែលអាចធ្វើឱ្យក្រុមការងារ បានប្រមូលនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អនានា ជូនថ្នាក់ដឹកនាំ និងណែនាំ ដល់រដ្ឋបាលក្រុងសួង ក៏ដូចជាអង្គភាព ដែលស្ថិតក្រោមចំណុះរដ្ឋបាលក្រុង ដើម្បីពង្រឹងការអនុវត្តការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ ចំណុចអសកម្ម ដើម្បីបង្កើននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមឆន្ទៈ និងការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ស្តាត់បាននូវគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ បន្តថា ដើម្បីជាការឆ្លុះបញ្ចាំង នៃការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ថាតើលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបាន ពីគោលនយោបាយនោះកម្រិតណា ដើម្បីក្រុមការងារ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលទាំងនោះបាន តាមរយៈការជួបជុំគ្នា ក្នុងវេទិកាសាធារណៈ។ ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាលក្រុង រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល គឺផ្តោត សំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាពាក់ព័ន្ធ ការងារអភិវឌ្ឍ ជាពិសេសការងារបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន៕