ថ្ងៃទី04ខែធ្នូ ឆ្នាំ2023
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។
ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជននៅលើពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា៕
