ព័ត៌មានជាតិ

ពលរដ្ឋ យុវជន និងសិស្សានុសិស្សជិត ៨០០នាក់ នៅក្រុង/ស្រុកចំនួន ២ក្នុងខេត្តមណ្ឌលគិរី ទទួលបានការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពីក្រសួងអធិការកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(មណ្ឌលគិរី)៖ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស រួមទាំងមន្រ្តីរាជការសរុបជិត ៨០០នាក់ នៅក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច មានប្រសាសន៍ថា«ជាការពិតណាស់ បញ្ហាគ្រឿងញៀននេះ ជាបញ្ហាស្មុគស្មាញជាសកល ជាបញ្ហាដែលលំបាកចាក់ស្រេះ ព្រោះប្រទេសទាំងអស់ក្នុងតំបន់ សម្បីតែប្រទេសមហាអំណាច នៅអឺរ៉ុប នៅបារាំង នៅអាមេរិក ក៏មិនទាន់ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ»។ ជាក់ស្តែង រាជរដ្ឋាភិបាលអាណត្តិមុន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាព ទាំងការអប់រំ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការច្បាប់ បន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំង ដោយការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាលថ្មី និងមានឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំង សម្តេចធិបតី បានចេញបទបញ្ជា ០១ ស្តីពី ការដាក់ចេញ វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ លោក បន្តថា សូមចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់និងប្រយុទ្ធប្រឆាំងទាំង អស់គ្នា ។ ក្នុងន័យនេះ គឺចាប់ផ្តើមពីខ្លួនយើង រហូតដល់សមាជិកគ្រួសារ សូមជួយធ្វើការផ្សព្វផ្សាយអប់រំក្រើនរំលឹក ពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងគ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន ពីព្រោះថាផលប៉ះពាល់នៃគ្រឿងញៀនបានកំពុងបំផ្លាញអាយុជីវិត និងអនាគតប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន យុវនារី ដែលជាកម្លាំងសរសរទ្រូង និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកទប់ស្កាត់នូវគុណវិបត្តិ និងការខាតបង់បណ្តាលមកពីគ្រឿងញៀន ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់គ្រប់បណ្តាមន្ទីរ ស្ថាប័ន ជាពិសេស អង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រង នឹងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់។ លោក ក៏បានសំណូមពរដល់ឳពុកម្តាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។ ចំណែកក្មួយៗដែលជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ពេលសេពគប់មិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេស ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ ហើយត្រូវធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕

Leave a Reply

Your email address will not be published.