ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម​ រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាងជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិង កំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
ទី២. បង្កើនកិច្ចសហការឱ្យកាន់តែ ជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តមណ្ឌលគិរី សំដៅ ផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច រៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. និង៣. លើកកម្ពស់ការយល់ដឹងឱ្យ កាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែង ផ្សងសំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និង ចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ឯកឧត្តម រស់ ភីរុណ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញា- បណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទ ឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។ ឯកឧត្តម ក៏បានជំរុញដល់ គណៈបញ្ជាការឯកភាពខេត្ត ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឱ្យស្អិតរល្មួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឱ្យបានទាន់ពេលវេលា។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជារដ៏ម៉ឺងម៉ាត់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុក បានចុះបិទក្រុមហ៊ុនល្បែងខុសច្បាប់បានមួយចំនួនដែលមិនមានអាជ្ញាបណ្ណ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងបានណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន មិនត្រូវឱ្យមានការលួចលាក់ល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ឱ្យមានប្រសិទ្ធភាព ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់កើតមានជាថ្មី៕

Leave a Reply

Your email address will not be published.