ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកនៃនៃព្រះរាជាណាចក្រកម្ពុជា ព្រះញាណរង្សី ឈិន ហន សមាជិកថេរសភាព្រះពុទ្ធសាសនានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រះញាណវង្ស សៅរ៍ មុនី អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣១ ដោយមានការចូលរួមពីគណៈកម្មការគ្រប់វត្ត និងសាសនិកដទៃសរុបប្រមាណ ១៣០អង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។
ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការ និងសាសនា បានផ្ដាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ និងរួមចំណែកការពារសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរួមសហការបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវសង្ឃប្រកាសដែលមានខ្លឹមសារដូចខាងក្រោម៖ – គណៈសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងយន្តការដែល មានស្រាប់ និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ឱ្យស្ថិតក្នុងវិន័យ សីលធម៌ និងអភិសមាចារ ស័ក្តិសមជាសមណសក្យបុត្តិយ៍នៃពុទ្ធសាសនាថេរវាទកម្ពុជា និងជាបុញ្ញខេត្តដ៏ល្អ គួរជាទីគោរពបូជារបស់មហាជន។ – មន្ត្រីសង្ឃ គប្បីបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងពង្រឹងពុទ្ធិកបឋមសិក្សាឱ្យបានរឹងមាំ មាននិរន្តរភាពនិង គុណភាពខ្ពស់ សម្រាប់សមណសិស្សដែលកំពុងទទួលការបណ្តុះបណ្តាលនិងអប់រំ។ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ បន្តលើកទឹកចិត្តមន្ត្រីសង្ឃ និងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រកុលធីតាខ្មែរក្នុងសាលាសាធារណៈនិងតាមសហគមន៍នានា ដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ សុចរិតធម៌និង ការចែករំលែកជាវិជ្ជមានក្នុងសង្គម។
លោក ចាន់ រតនា អភិបាលរងខេត្ត បានផ្ដាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ ទូទាំងខេត្ត ត្រូវបន្តពង្រឹងគុណភាពការដឹកនាំ និងគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ សាមគ្គីភាពល្អ និងរក្សា តម្លៃព្រះពុទ្ធសាសនា ធ្វើឲ្យវត្តអារាម ក្លាយទៅជាចំណេះដឹង ផ្លូវលោក ផ្លូវធម៌ អប់រំផ្លូវចិត្ត ជៀសវាងនូវអំពើហិង្សា។ បន្តការទប់ស្កាត់ ការសកម្មភាពធ្វើអាជីវកម្មលើសាសនា កេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ លាភសក្ការៈ តាមគ្រប់រូបភាព។ បន្តការខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពធម៌ វិ ន័យ ប្រតិបត្តិ ឲ្យបានល្អ ជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ។ -គ្រប់វត្តអារាមចូលរួមទប់ស្កាត់ការចរាចរជួញដូរ និង សេពគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ខេត្តមណ្ឌលគិរីមានវត្តចំនួន ៤០វត្ត ក្នុងនោះ វត្តគណៈមហានិកាយ និងវត្តគណៈធម្មយុត្តិកនិកាយ និងមានព្រះសង្ឃចំនួន ២១៧អង្គ អាចារ្យវត្តសរុបចំនួន៧៣នាក់ គណៈកម្មការវត្តមានចំនួន៦៨នាក់ តាជីចំនួន៣នាក់ យាយជីចំនួន ៣៣នាក់ ក្មេងកំព្រារចំនួន១២នាក់ សិស្សស្នាក់នៅវត្តចំនួន៤៦នាក់ ជនគ្មានទីពឹងមចំនួន០១នាក់។ លោក បញ្ជាក់ថា ខេត្តមណ្ឌលគិរី មានសាលាធម្មវិន័យចំនួន០១កន្លែង សាលាពុទ្ធិកសិក្សាបឋមចំនួន០១កន្លែង មានសមណៈសិស្ស និងសិស្សសរុប ៥០អង្គ/នាក់។ ឥស្លាមសាសនា មានវិហារសរុប ១១កន្លែង និងស៊ូរ៉ាវ ១៦កន្លែង សាសនិកសរុប ៦.៣៧៩នាក់ -គ្រីស្ទសាសនាមានវិហារចំនួន ០៦កន្លែង ស្នាក់ការថ្វាយបង្គំ ៣៣កន្លែង មានបរិស័ទសរុប ៤,៥២០នាក់ -ព្រះពុទ្ធសាសនាមហាយានមានវិហារសរុប០១កន្លែង (កំពុងដំណើការសាងសង់) មានព្រះភិក្ខុនី ០៣អង្គ៕

Leave a Reply

Your email address will not be published.