ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនៅវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងទប់ស្កាត់នៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីសំណាក់ឧក្រិតជន។
ជាមួយគ្នានេះដែរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការអនុវត្តការចុះបង្ក្រាបនៅទីតាំងសំបុកឧក្រិតជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅទីតាំងភូមិត្រពាំងផ្លុងផងដែរ ដែលប្រតិបត្តិការនេះជាបឋមបង្ក្រាបបានឧក្រិតជនប្រមាណជិត៥០០នាក់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ គឺកំពុងតែរីកសាយភាយច្រើនឡើងៗគួរឱ្យកត់សំគាល់ ហើយបង្ករឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលរងនៅការលំបាកពីបណ្តាញឧក្រិតជនទាំងនោះ ហេតុនេះហើយ ក្រុមការងារដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើយ៉ាងណាបង្ក្រាបឱ្យបាននៅបណ្តាញឧក្រិតជនទាំងនោះដើម្បីរក្សាបាននៅសុខ សុវត្ថិភាព ជូនបងប្អូនពលរដ្ឋយើង ជាពិសេសផងដែរចំពោះបងប្អូនពលរដ្ឋយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរលើសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញអ៊ីនធឺណិត អនឡាញ ត្រូវត្រួតពិនិត្យឱ្យច្បាស់ ធ្វើការពិចារណាមុននឹងប្រើប្រាស់នៅកម្មវិធី ឬសេវាកម្មណាមួយក្នុងបណ្តាញអ៊ីនធឺណិតផងដែរ៕