ប្រជាកសិករក្នុងសហគមន៍កសិកម្មខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលស្រូវ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥ភាគរយ ទៅ៣០ភាគរយ

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មសរុបចំនួន ៣៣សហគមន៍ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ស្មើ៤២ កិច្ចសន្យា លើបរិមាណស្រូវសរុប ២២ ១៩៥ តោន ដែលមានសមាជិកសហគមន៍ផលិតសរុបចំនួន ៦ ១៩៧ គ្រួសារ លើទំហំផ្ទៃដី សរុប ២០ ២៩៦ ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុនឯកជនចំនួន ០៤ រួមមាន ក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU Rice) ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា (Signatures of Asia) ក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice) និងក្រុមហ៊ុនសារ៉ាវ៉ាន់ (រោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់កំពង់ធំ)។

លោកប្រធានមន្ទីរបានបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំ២០២០នេះ ក្រុមហ៊ុនគ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទអង្ករស ក្រុមហ៊ុនបានផ្តល់តម្លៃពិសេសដល់កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥ភាគរយ ទៅ៣០ភាគរយ ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។

លោកបានបន្ដថា ជារួមក្រុមហ៊ុនបានផ្តល់តម្លៃជូនសហគមន៍ ចំពោះស្រូវផ្ការំដូលសរីរាង្គក្នុងតម្លៃពី ១ ២៧០ រៀល ដល់ ១ ៥៥០ រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកចំពោះការចរចាតម្លៃគោលស្រូវសរីរាង្គ និងកិច្ចសន្យារកសិកម្មរវាងក្រុមហ៊ុន និងសហគមន៍នេះ ទទួលបានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ក្នុងការទទួលទិញស្រូវសរីរាង្គពីបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ទៅតាមកិច្ចសន្យាកសិកម្មដែលបានព្រមព្រៀងគ្នា។

លោកប្រធានមន្ទីរបានលើកឡើងថា សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។ ទន្ទឹមនេះ ការចុះកិច្ចសន្យាកសិកម្មជាមួយនឹងសហគមន៍ នឹងជួយធានាបាននូវគុណភាពស្តង់ដារ និងទីផ្សារ សម្រាប់សហគមន៍ ក៏ដូចជាក្រុមហ៊ុនផ្ទាល់ ក្នុងនោះ ផលិតផលកសិកម្មសរីរាង្គររបស់ក្រុមហ៊ុន មានការទទួលបាននូវការបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ EU / NOP ជាដើម។

សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃស្រូវទទួលបានពីក្រុមហ៊ុននៅក្នុងដើមសប្តាហ៍ទី០៣ នៃខែវិច្ឆិកានេះមានតម្លៃស្រូវផ្ការំដួលសើម លេខ១ ១ ២៧០ រៀល ក្នុង១គីឡូក្រាម ស្រូវផ្ការំដួលសើម លេខ២ ១ ២២០ រៀល ក្នុង១គីឡូក្រាម ស្រូវផ្ការំដួលស្ងួត លេខ១ ១ ៥៥០ រៀល ក្នុង១គីឡូក្រាម ស្រូវផ្ការំដួលស្ងួត លេខ២ ១ ៤៦០ រៀល ក្នុង១គីឡូក្រាម ស្រូវស (ពូជក្នុងស្រុក) សើមលេខ១ ១ ១០០ រៀល ក្នុង១គីឡូក្រាម ស្រូវស(ពូជក្នុងស្រុក) សើមលេខ២ ១ ០៦០រៀល ក្នុង១គីឡូក្រាម ស្រូវស(ពូជក្នុងស្រុក) ស្ងួតលេខ១ ១ ២២០ រៀល ក្នុង១គីឡូក្រាម ស្រូវស(ពូជក្នុងស្រុក) ស្ងួតលេខ២ ១ ១៨០ រៀល ក្នុង១គីឡូក្រាម៕