ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី នាំយកសម្ភារៈរបស់សប្បុរសជន នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំចែកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងក្រុងសែនមនោរម្យ

(មណ្ឌលគិរី)÷នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រួមទាំងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាសមាជិកាគាំទ្រ បានដឹកនាំសមាជិកាគាំទ្រ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្លៀកបំពាក់ ដែលបានទទួលពីការបរិច្ចាគ នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ នឹងបន្ថែមនូវសម្ភារៈសិក្សា សម្ភារៈការិយាល័យដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅភូមិពូតាំង សង្កាត់រមនា និងភូមិឡៅការ សង្កាត់សុខដុម ក្នុងក្រុងសែនមនោរម្យ ។
លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលជានិច្ចកាល លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេស ជនចាស់ជរា គ្រួសារក្រីក្រ និងសិស្សានុសិស្ស ដែលកំពុងខ្វះខាត នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោកជំទាវ បញ្ជាក់ថា កម្មវិធីយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ គឺជាគំនិតផ្តួចផ្តើម របស់លោកជំទាវបណ្ឌិត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការកែឆ្នៃរបស់ដែលអ្នកប្រើរួច ទៅជារបស់ថ្មី មានប្រយោជន៍សំរាប់អ្នកដែលត្រូវការវា ដើម្បីចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋ កុមារា កុមារីនៅកម្ពុជា។ ជាក់ស្តែង សម្លៀកបំពាក់ សម្ភារៈសិក្សា និងគ្រាប់បន្លែផ្សេងៗ ក្នុងយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ ដើម្បីជាការចែករំលែកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងតម្រូវការ ស្របពេលដែលអាកាសធាតុនៅខេត្តមណ្ឌលគិរី មានការចុះត្រជាក់ ហើយអាចយកទៅប្រើប្រាស់ និងការដាំដុះដំណាំបន្លែ នៅតាមសាលារៀន។ លោកជំទាវ បានណែនាំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងខិតខំចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ជាពិសេស ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យខេត្តរបស់យើងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។
លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចែករំលែកសម្ភារៈ នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី ដើម្បីមានលទ្ធភាពចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលខ្វះខាតជាក់ស្តែង។
នាឳកាសនោះ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវ ប្រធាន និងក្រុមកាយឫទិ្ធនារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី ជាពិសេស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចែកសម្ភារៈរបស់សប្បុរជន ក្នុងកម្មវិធីយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ ក្នុងការជួយដោះស្រាយដល់ពួកគាត់បានមួយកម្រិតផងដែរ៕  

Leave a Reply

Your email address will not be published.