(ខេត្តកំពង់ធំ) ÷ កាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2024 កន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុម បានចុះចាប់អេស្កាវ៉ាទ័រចំនួន 2 គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍ កោះរះ ដែលស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្តកំពង់ធំ ។
បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់ របស់សមត្ថកិច្ចនៃ ខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាពស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយការចុះចាប់នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រ តែម្ដង។
តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែង គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងថា ម្ចាស់គ្រឿងចក្របានចំណាយលុយ ទៅសមត្ថកិច្ច ចំនួន 4 ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែង អេស្កាវ៉ាទ័រ ២គ្រឿងនោះ ។
បន្ទាប់ពីមានការបែកធ្លាយ នូវព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានជាច្រើន ។ បើតាមសំដីពលរដ្ឋច្រើននាក់ នៅតំបន់សហគមន៍កោះរះ បានបញ្ជាក់ច្បាស់ៗមកកាន់អ្នកសារព័ត៌មានយើងថា ពិតជាមាន សមត្ថកិច្ចជំនាញនៃខេត្តកំពង់ធំ ចុះចាប់ អេស្កាពីទ័រ 2 គ្រឿង នៅតំបន់សហគមន៍កោះរះពិតប្រាកដមែន ។ ដែលម្ចាស់អេស្កាវ៉ាទ័រនោះ ជាអ្នករស់នៅ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ហើយទាក់ទងទៅហ្នឹង រឿងលុយ 4000 ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែងនោះ គឺជារឿងពិត។ បើតាមការបញ្ជាក់របស់ លោកអភិបាលស្រុកតាំងគោក ពិតជាមាន ក្រុមការងារ ខេត្តកំពង់ធំ ចុះចាប់អេស្កាវាទ័រចំនួនពីរគ្រឿង នៅតំបន់សហគមន៍កោះរះ ពិតប្រាកដមែន ដែលដឹកនាំដោយ លោក ព្រឹម រដ្ឋា ដែលមានតួនាទីជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ជិន ស៊ីថា ជានាយខណ្ឌ នៃរដ្ឋបាលជលផល ខេត្តកំពង់ធំ ៕និពន្ធនាយក
រងលោក សាន ប៊ុនស៊ី