ថ្ងៃទី២៤ខែមករាឆ្នាំ២០២៤
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បើកដៃប្រធានជញ្ជីងនិងក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងនៅផ្លូវជាតិលេខ៥ ក្នុងឃុំទឹកហូត ស្រុករលាបៀរធ្វើផ្ដេសផ្ដាស
បើទោះបីជារថយន្តដឹកស្រូវមិនលើសទម្ងន់ ក៏ក្រុមមន្ត្រីនៅស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ហាក់សប្បាយ ចិត្តជាខ្លាំង ព្រោះមើលឃើញរថយន្តដឹកស្រូវទាំងនោះប្រៀបដូចជាសាច់ជ្រូកបីជាន់។
ប្រភពឲ្យដឹងថា លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ឆាយ លាភា មិនដែលគិតថានឹងចាត់វិធានការចំពោះមន្ត្រីរបស់ខ្លួនដែលលូកដៃយកលុយពីឈ្មួញម្ចាស់យាន យន្តឆ្លងកាត់ស្ថានីថ្លឹងរថយន្តនោះឡើយ។ តូចទៅវិញលោកហាក់ដូចជាឃុបឃិតជាមួយពួកមន្ត្រីនៅទីនោះថែមទៀតផង។
ប្រភពពីអ្នកដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លង កាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ចំណុចទឹកភូមិល្អក់ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ជៀសមិនផុតត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ បើទោះ បីជាទំនិញឬកសិផលផ្សេងៗ ត្រូវបានគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុនិងលើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ចំណុចខាងលើនោះដដែល។ ប្រធានស្ថានីយថ្លឹងរថយន្តនៅចំណុចខាងលើត្រូវគេអះអាងថា មិនសូវបង្ហាញមុខនោះទេ គឺទុកឲ្យតែកូនចៅចាំលូកដៃសុំលុយពីអ្នករកស៊ីដឹកទំនិញតែប៉ុណ្ណោះ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ចំណុចភូមិទឹកល្អក់ឃុំទឹកហួតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើក ដៃពីមន្ត្រីធំៗ ពោលគឺមានការបិទភ្នែកបត់ដុំដៃ ពីលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ឆាយ លាភា។ ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ផ្លូវជាតិលេខ៥ចំណុចខាង លើ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្ត រត់ ប្រសេកប្រសាចទៅបងបង់បង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ប្រសិន បើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេ។ ហេតុនេះហើយទើបរថយន្តតូច,ធំដឹកទំនិញលើសទម្ងន់រាប់តោន ហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ចំណុចភូមិទឹកល្អក់ឃុំទឹកហូត យ៉ាងគគ្រឹកគគ្រេង បណ្ដាលឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។ បញ្ហានេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ចំណុចភូមិទឹកល្អក់ឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលលុយ៕