(មណ្ឌលគិរី) ÷សាលារៀនជិត១០០កន្លែង ក្រោមជំនួយរបស់អង្គការUWSកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសិស្សរស់នៅតាមតំបន់ដាច់ស្រយាលប្រមាណជាង១ម៉ឺននាក់ទទួលបានការសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ។
ថ្មីៗនេះសាលារៀងចំនួន២៦កន្លែងបន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានបញ្ចប់គម្រោងសាងសង់ជាផ្លូវការ និងបានរៀបចំពិធីប្រកាសបញ្ចប់គម្រោងនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ។
ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ទី១ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ របស់អង្គការ UWS កម្ពុជា នៅក្នុងសាលារៀលគោលដៅចំនួន ២៦កន្លែង ដែលស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ២ ចែករំលែកអំពីលទ្ធផលការងារ និងវឌ្ឍនភាព របស់សាលារៀន ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា និងទី៣ ពិភាក្សាអំពីការពង្រឹងការចូលរួមរបស់សហគមន៍ ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍន៍សាលារៀន។
ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី ៥ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល។
ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ សហការធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរឡើង និងចូលរួមលុបបំបាត់ភាពក្រីក្រក្នុងការអប់រំ ប្រកបដោយគុណភាព និងនិរន្តរភាព។
លោក ម៉ក់ សុខា នាយកអង្គការ UWS បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ អង្គការ UWS កម្ពុជា បាននឹងកំពុងកសាងសាលារៀនបឋមសិក្សាចំនួន១៣៦កន្លែង ហើយរៀបចំដំណើរការសាលារៀនដើម្បីកុមារក្រីក្រដែលរស់នៅក្នុងតំបន់ដាច់ស្រយាលទទួលបានការអប់រំ។ ហើយបច្ចុប្បន្ននេះ អង្គការ UWS កម្ពុជា បានគាំទ្រសាលារៀនបឋមសិក្សាចំនួន៩៦កន្លែង ដែលមានសិស្សប្រមាណ១១,០០០នាក់ ដោយសារតម្រូវការខ្វះគ្រូបង្រៀន អង្គការក៏បានជ្រើសរើសគ្រូសហគមន៍ប្រមាណ៦០នាក់ ដើម្បីបង្ហាត់បង្រៀននៅសាលារៀនគោលដៅផងដែរ។
លោក ម៉ក់ សុខា ឱ្យដឹងទៀតថា អង្គការ UWS ក៏មានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដែរ ហើយក្នុងដំណាក់កាលសាកល្បងអនុវត្តផែនការយុទ្ធសាស្ត្រនេះ អង្គការនឹងជ្រើសរើសស្រុកគោលដៅដោយផ្អែកលើការវាយតម្លៃតាមតម្រូវការ និងប្តេជ្ញាចិត្តចូលរួមសម្រេចឱ្យបាននូវការលុបបំបាត់ភាពក្រីក្រក្នុងការអប់រំ ដែលស្ថិតនៅក្នុងតំបន់គោលដៅរបស់ខ្លួន៕