សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលប្រជាជនកម្ពុជាមានស្មារតីរួបរួមជាតិជួយគ្នា នៅពេលមានទុក្ខលំបាក ដោយគ្មានការរើសអើងនិន្នាការនយោបាយ ដែលនេះបង្ហាញពីស្មារតីសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ

រាជធានីភ្នំពេញ ៖ សម្តេចតេជោមានមោទនភាពដែលប្រជាជនកម្ពុជាមានស្មារតីរួបរួមជាតិជួយគ្នានៅ ពេលមានទុក្ខលំបាក ដោយគ្មានការរើសអើងនិន្នាការនយោបាយ ដែលនេះបង្ហាញពីស្មារតីសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ ។


ថ្លែងក្នុងឱកាសចុះជួបប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅតាមមូលដ្ឋាន មន្ត្រីក្រុមការងារ ក៏ដូចជាសប្បុរសជននានាបានធ្វើដំណើរចុះចែកជំនួយ សង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដែលនេះជាស្មារតីចេះជួយគ្នា នៅពេលមានទុក្ខលំបាក ។ សម្តេចតេជោបានប្រកាសថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទទួលបាននូវសេចក្ដីសុខ ចៀសផុតពីការស្លាប់និងគ្មានអាហារ។ សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយឡើយ ទោះបីជាអ្នកណា បោះឆ្នោតឲ្យគណបក្សនយោបាយណាក៏ដោយ ត្រូវតែជួយទាំងអស់។