ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមសន្តរស្ទឹងព្រែកត្នោត ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ខេត្តកណ្តាល៖ យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមសន្តរស្ទឹងព្រែកត្នោត ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងឱកាស ចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តាមដាននូវសភាពការណ៍ទឹក ពិសេសត្រូវត្រៀមជម្លៀស បងប្អូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់ ទៅរកទីទួលសុវត្ថិភាព ដោយមិនត្រូវបណ្ដែតបណ្ដោយ ឬទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារការខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរឡើយ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានអោយដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតែបន្តឡើង និងបានជន់លិចភូមិគោលដៅចំនួន៥៧ ព្រមទាំងមានការកើនឡើងនូវគ្រួសាររងគ្រោះដោយទឹកជំនន់ផងដែរ។