ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា

មណ្ឌលគិរី: នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្មគម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលបានប្រារព្វឡើងនៅព្រឹកនេះ ស្ថិតក្នុងឱកាសដ៏មហានក្ខតឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ថ្លៃថ្លាគម្រប់៧១ព្រះវស្សា យាងចូល ៧២ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់  សូមក្រាបបង្គំអភិវន្ធសម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត សូមចូលរួមថ្វាយព្រះរាជសព្ទសាធុកាពរជ័យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ លំអោនកាយវាចារចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ និងមនុស្សធម៌ របស់ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រក្នុងម្លប់សន្តិភាព ក៏ដូចជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃកិច្ចការបរទេសរបស់ព្រះអង្គ ដើម្បីបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញការអភិវឌ្ឍវិស័យអប់រំសិក្សាធិការ សិល្បៈ វប្បធម៌ និងសាសនា ជាពិសេសព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ក្នុងការរួម ចំណែកលើកកម្ពស់វិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រះរាជណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី” និងព្រះបារមី នៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានី សូមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំសព្វសាធុកាពរជ័យគ្រប់ប្រការថ្វាយជូនចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ បានសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ ៕

Leave a Reply

Your email address will not be published.