(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថា្នក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអ្នកសេ្នហាវិស័យកីឡាជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លើកឡើងថា ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។ លោកស្រី អភិបាលរងខេត្ត ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបានដាក់ចេញនូវពាក្យស្លោកថា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ លោកស្រី វិន ស៊ីធួន បន្ថែមថា ឆ្លងតាមបទពិសោធន៍ និងសមិទ្ធផលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ គឺជាទស្សនៈវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ លោកស្រី អភិបាលរងខេត្ត បញ្ជាក់ថា សមិទ្ធិផលជាប្រវត្តិសាស្ត្រ នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកេរមរតកដែលកូនខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។ ទន្ទឹមនេះ នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់ត្រៀមរៀបចំបណ្តុះបណ្តាលពង្រឹង សមត្ថភាពយុវជនវ័យក្មេងឱ្យមានសមត្ថភាពខ្ពស់ដើម្បីបានចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើលើកស្ទួយកិត្តិយសជូនប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤នេះ មានប្រតិភូកីឡាចូលរួមសរុបចំនួន ១២ក្រុម ស្មើនឹង ៣០០នាក់ ស្រី២នាក់ និងគណៈកម្មការរៀបចំការប្រកួតសរុបចំនួន ៥០នាក់ ស្រី៥នាក់។ ចំពោះក្រុមដែលបានចូលរួមការប្រកួតមានដូចជា៖១. ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ២ .សមាគមន៍អាជីវករផ្សារសែនមនោរម្យ ៣.សាលាតម្រង់ទិសបាល់ទាត់ ខេត្តមណ្ឌលគិរី ៤.យុវជនក្រុងសែនមនោរម្យ FC ៥.សមាគមសម្ព័នយុវជនមុស្លីមកម្ពុជា ខេត្តមណ្ឌលគិរី ៦.សសយក ពេជ្រាដា FC ៧.សសយក ខេត្តមណ្ឌលគិរី ៨.មេម៉ង់ FC ៩.ចំការតែ FC ១០.ក្លិបកីឡា ហ្វ្រេនស៊ីប អេសស៊ី ១១.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី និង១២.មហាជនស្រុកអូររាំង។ លោក លី សាមិ បញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ជ័យលាភីលេខ១ បានទៅលើក្រុម សមាគមសម្ព័នយុវជនមុស្លីមកម្ពុជា ខេត្តមណ្ឌលគិរី ជ័យលាភីលេខ២ បានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងជ័យលាភីលេខ៣ បានទៅលើក្រុម ចំការតែ F C៕