(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងចែកសៀវភៅ «សីលរតនៈ» ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកគ្រូ អ្នកគ្រូ ដោយមានការចូលរួមពីលោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន អប់រំ យុវជន និងកីឡា មន្ទីរ/អង្គភាពពាក់ព័ន្ធ ព្រមទាំង គ្រូបង្រៀន និងគ្រូពេទ្យជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ។
ឯកឧត្ដម ហង្ស ច័ន្ទវរៈ ជំនួយការ
សម្ដេច បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីសំណេះសំណាលពេលនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូជាបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឱ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។
ឯកឧត្តម ហង្ស ច័ន្ទវរៈ មានប្រសាសន៍ថា ជាកិច្ចតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានចំណាយពេល និពន្ធសៀវភៅនេះឡើងទុករួមចំណែកជាវិភាគទានជំនួយស្មារតី ជាប្រទីបបំភ្លឺផ្លូវ ឬជាគ្រឿងជួយដាស់តឿនសតិដល់ខ្មែរគ្រប់រូបឱ្យគិតត្រូវ ធ្វើល្អ មានសីល ធ្វើទាន ស្គាល់បាប ស្គាល់បុណ្យ ឱ្យចៀសវាងអំពើអបាយមុខ ដើម្បីជាសេចក្តីសុខដល់មនុស្សគ្រប់រូប។
ជាមួយគ្នានេះលោក ហង្ស ច័ន្ទវរៈ បានចែករំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំ ដោយបានលើកយកនៅប្រធានបទមួយ គឺសុខភាពខួរក្បាល ហើយសុខភាពខួរក្បាលនេះទៀតសោធ បានបែងចែកជា២ រួមមានទី១៖ សុខភាពខួរក្បាលតាមបែបរូបសាស្ត្រ និងទី២៖ សុខភាពខួរក្បាលតាមបែបចិត្តសាស្ត្រ។ ទន្ទឹមនឹងនេះ លោកក៏បាន លើកយកនៅចំណុចសំខាន់ៗជាគន្លឹះចំនួន៤ មកគូសបញ្ជាក់ជូនដល់អង្គពិធីទាំងមូលបានយល់ដឹងក្នុងនាមជាមនុស្ស និងជាមន្ត្រីរាជការ ដើម្បីធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព និងស្ថេរភាពល្អផងដែរ។
លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជាឆ្នាំដែលមន្ទីរអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំថ្នាក់ខេត្តសម្រាប់អនុវត្ត៥ឆ្នាំខាងមុខទៀតគឺឆ្នាំ២០២៤-២០២៨ ដោយឆ្លើយតបទៅនឹងគោលនយោបាយ និងអាទិភាពកំណែទម្រង់បរិវត្តកម្មអប់រំនៅកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្តផ្តោតជាសំខាន់លើ – ប្រសិទ្ធភាពសមិទ្ធកម្ម “។ លោក ប្រធានមន្ទីរ បញ្ជាក់ថា យុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥គឺៈ“មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា “ជាពិសេស – បច្ចេកវិទ្យាឌីជីថល “សម្រាប់ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃ សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគន្លឹះ និងមធ្យោបាយសំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមបញ្ជាក់ដែរថា នាឱកាសនោះឯកឧត្តម ហង្ស ច័ន្ទវរៈ ក៏បានអញ្ជើញចែកជូនសៀវភៅ សីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ដោយផ្ទាល់ផងដែរ៕