ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ប្រមាណជាង២២.០០០បន្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដសក្ដិ ព.ស២៥៦៩ គ.ស២០២៥ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ ព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ អាចចាត់ទុកជាព្រឹត្តការណ៍ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះបាញ់ឆែវ គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង នឹងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកចូលរួមក្នុងព្រឹត្តការណ៍នេះ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី អាជ្ញាធរស្រុក/ក្រុង កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភ និងរួមសហការការពាររៀបចំសង្ក្រាន្តត្បូងឃ្មុំ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការឲ្យដឹងពីលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានបញ្ជាក់ថា ៖ ព្រឹត្តការណ៍ចាក់បាញ់ឆែវនេះ មានរយៈពេលពេញ១ថ្ងៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក/ឃុំ/ភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានខ្ទះសរុបចំនួន១៥០ខ្ទះ ប្រើប្រាស់អង្ករចំនួន១,១០០គីឡូក្រាម ស្មើនឹងបាញ់ឆែវចំនួន២២,០០០បន្ទះ។

សូមជម្រាបថា ឆ្នាំនេះ ៣ថ្ងៃនៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មីទូទាំងខេត្តត្បូងឃ្មុំ ក្រោមការរៀបចំដឹកនាំដោយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ រួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ ជាពិសេស នាពេលយប់ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីផងដែរ៕

Leave a Reply

Your email address will not be published.