(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់
នៅឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្ត
មណ្ឌលគិរី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានស្នើសំុកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញបញ្ហាកង្វះជីវភាពប្រចាំថ្ងៃ ដែលពួកគាត់បានជួបប្រទះក្រោយមានការហាមឃាត់ការធ្វើរបររ៉ែងកាកសំណល់ដីរ៉ែមាសចាស់ៗដែលនៅសេសសល់តាំងពីជំនាន់ឆ្នាំ៨០ជាង និងដីដែលនៅសេសសល់ពីសហគមន៍រ៉ែមាសចាស់ៗជាច្រើនឆ្នាំមកហើយ។
លោក ស៊ុន គឹមស្រ៊ាន តំណាងប្រជាពលរដ្ឋរស់នៅភូមិពូទុង បាននិយាយថា គាត់បានទៅរស់នៅតំបន់ចុងផ្លាស់នេះជិត៣០ឆ្នាំហើយ។ ចំណែកការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺអាស្រ័យលើការរ៉ែងរករ៉ែមាសបន្តិចបន្តួចតាមគំនរដីដែលគេបោះបង់ចោលតាំងពីអំឡុងដើមឆ្នាំ១៩៩០មកម៉្លេះ។ ហើយគំនរដីខ្លះគឺជាសំណល់សល់ពីក្រុមសហគមន៍រ៉ែមាសចុងផ្លាស់ទុកចោល ក្រោយសហមន៍នេះត្រូវបានរំលាយកាលពីអំឡុងឆ្នាំ២០១៦-២០១៧ ដោយមិនអាចប្រកបរបរកសិកម្មនៅតំបន់នេះបាន ហើយពួកគាត់ក៏គ្មានលិទ្ធភាពចាកចេញទៅរកទទួលទានអ្វីនៅភូមិស្រុកដទៃ ទើបពួកគាត់សម្រេចចិត្តនាំគ្នាកាប់គាស់រ៉ែងដីសំណល់រ៉ែ ដើម្បីបានចំណូលខ្លះគ្រាន់ផ្គត់ផ្គង់គ្រួសារ។
លោក ស៊ុន គឹមស្រ៊ាន បានបន្តថា ដើម្បីបានអង្ករច្រកឆ្នាំងអ្នកភូមិបាននាំគ្នាកាប់ដីរ៉ែងរករ៉ែមាសបានបន្តិចបន្តួច ដ្បិតដីសំណល់នេះ ត្រូវបានគេកែច្នៃរួចម្តងទៅហើយ តែជាអកុសលការខិតខំរកកម្រៃរបស់ពួកគាត់សម្រាប់ចិញ្ចឹមជីវិតគ្រួសារ គឺត្រូវបានបង្ក្រាបជាបន្តបន្ទាប់ពីមន្ត្រីជំនាញពាក់ព័ន្ធ ហើយអ្នកភូមិខ្លះត្រូវបានមន្ទីរបរិស្ថានខេត្តឃាត់ខ្លួនទៅតុលាការផងដែរ។លោក បន្តទៀតថា បើនៅតែបែបនេះតើពួកគាត់រំពឹងអ្វី ព្រោះជុំវិញភូមិឋានដែលពួកគាត់រស់នៅនេះ សុទ្ធតែដីអភិរក្សសត្វព្រៃនិងដីក្រុមហ៊ុនរ៉ែមាសធំៗ ដូច្នេះហើយពួកគាត់សុំតែរស់នៅអាចធ្វើរបរលក្ខណៈគ្រួសារប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកតា អ៊ុត សំ ជាព្រឹទ្ធាចារ្យរស់នៅឃុំចុងផ្លាស់តាំងពីជំនាន់បែកសម័យប៉ុលពត មានប្រសាសន៍ថា អ្នកភូមិរស់នៅទីនេះស្ទើរតែ១០០%ហើយដែលបានអាស្រ័យជីវិតជាមួយរបររ៉ែងរករ៉ែមាស។ លោកតា អះអាងថា ការជួបជុំគ្នាលើកនេះពួកគាត់គ្មានបំណងណាមួយបង្កបាតុភាពដល់ សង្គមឬការឈឺក្បាលដល់អាជ្ញាធរឡើយ ពួកគាត់គ្រាន់តែចង់បានការអនុញ្ញាតពីក្រសួងជំនាញរ៉ែ និងថាមពល និងការសណ្តោសប្រណីពីសម្តេចប្រមុខថ្នាក់ដឹកនាំ ជួយឱ្យអ្នកភូមិមានលទ្ឋភាពអាចធ្វើរបរចិញ្ចឹមជីវិតដូចសព្វមួយដង បើនៅតែបែបនេះអ្នកភូមិអាចនិងដាច់ពោះស្លាប់។ ហើយក្នុងការជួបជុំគ្នាខាងលើនេះ អ្នកភូមិដែលតំណាងឱ្យប្រជាពលរដ្ឋ ប្រមាណជិតមួយពាន់គ្រួសារ បានសង្ឃឹមយ៉ាងមុតមាំដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះប៉ះពាល់ជីវភាពគ្រួសារ ចាកឆ្ងាយភូមិស្រុករបស់ខ្លួន ដែលធ្លាប់រស់នៅជួបជុំសាច់ញាតិ ជាពិសេសការចំណាកស្រុកនោះឡើយ។
ទាក់ទិននឹងករណីនេះ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋនេះ លោកនៅមិនទាន់ទទួលបានព័ត៌មានដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីថ្នាក់ដឹកនាំខេត្ត មានចំណាត់ការ និងដំណោះស្រាយនោះទេ។
លោក បន្ថែមថា ការងារនេះមានក្រុមការងារធ្លាប់បានចុះទៅដល់ទីតាំងរួចហើយ ហើយក៏មានបើកកិច្ចប្រជុំដែរ តែលទ្ធផលយ៉ាងណានោះលោកនៅពុំទាន់ដឹងនោះទេ៕
