(មណ្ឌលគិរី)៖ ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ បានឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាពថ្មីៗ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គមដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប ស ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ឋជាច្រើនស្ថាប័ន នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៤។
ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាកម្មវិធីអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ មានគោលបំណងពង្រីកវិសាលភាពនៃការផ្តល់ការថែទាំសុខភាពបន្ថែមក្រៅពីសមាជិក ប.ស.ស. ជាបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ បន្ទាប់ពីថ្ងៃប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំតាម ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន និង បន្តការងារផ្សព្វផ្សាយ រហូតមកត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សរុបចំនួន ៤ ៨៤៧លើក ដែលមាន អ្នកចូលរួមចំនួន ១ ៤០៨ ៣៧៥នាក់។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានលើកទឹកចិត្តសមាជិកទាំងអស់ ចូលរួមស្តាប់បទបង្ហាញពីមន្ត្រីជំនាញពីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការព្យល់បន្ថែមកាន់តែច្បាស់ ត្រឹមត្រូវ និងអាចផ្សព្វផ្សាយ ឬពន្យល់ទៅអ្នកផ្សេងទៀត។ លោកស្រី ក៏បានស្នើរសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមជួយផ្សព្វផ្សាយខ្លឹមសារបន្ត និងនាំសមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុករបស់ខ្លួនដើម្បីទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលជិតលោកអ្នកបំផុតឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិ។
យោងតាមរបាយការណ៍របស់លោក ផាន កុសលវិចិត្រ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គមខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើម្បីធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនដល់សមាជិកប.ស.ស. ឱ្យឆាប់រហ័ស និងទាន់ពេលវេលា ប.ស.ស.ខេត្តមណ្ឌលគិរី បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន១៧ ក្នុងនោះរួមមាន មន្ទីរពេទ្យខេត្តចំនួន១ មន្ទីរពេទ្យបង្អែកស្រុកចំនួន ១ មណ្ឌលសុខភាពចំនួន ១៥ នៅទូទាំងខេត្តមណ្ឌលគិរី។ លោក បន្តថា បានចុះបញ្ជីសមាជិក សរុបមានចំនួន ១២.៧៩៤ នាក់ ស្រី ៤.៨៩១ នាក់ ក្នុងនោះ វិស័យសាធារណៈ មានចំនួនសរុប ៣,៩៧៩ នាក់ ស្រី ១,១៨២ នាក់ ។ វិស័យឯកជនសហគ្រាសគ្រឹះស្ថាន ដែលបានចុះបញ្ជី និងបង់ភាគទាន មានចំនួន ៣៦៥ សហគ្រាស កម្មករនិយោជិត សរុបមានចំនួន ៨.៨១៥ នាក់ ស្រីចំនួន ៣.៧០៩ នាក់ ៕