ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥
ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ត្រូវបន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាននិងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យរីកចម្រើនបន្ថែមទៀត។
ការណែនាំបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសត្រូវស្រុះស្រួលឯកភាព ប្រកបដោយឆន្ទៈមុតស្រួច បន្តពង្រឹងកិច្ចការងាររចនាសម្ព័ន្ធ ត្រូវមានរបបជីវភាពប្រជុំប្រចាំខែ ដើម្បីដឹងសកម្មភាពអ្វីខ្លះ បានដឹងសំណូមពរពលរដ្ឋដើម្បីដោះស្រាយ។
ឯកឧត្តម បានបន្ថែមថា ចំពោះបញ្ហានៅមូលដ្ឋាន បើអាចដោះស្រាយបានដោះ តែដោះស្រាយមិនបាន សូមផ្តល់ព័ត៌មានមកក្រុមការងារថ្នាក់ខេត្ត គឺនៅចាំជួយគាំទ្រជានិច្ច ព្រមទាំងក្រើនរំលឹកត្រូវតែរក្សាខ្សែក្រវាត់ឲ្យបាន បន្តយកឲ្យសំឡេងគាំទ្រមិនឲ្យមានការថមថយនោះឡើយ។
ឯកឧត្តម បានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនគាំទ្របក្សប្រជាជនមួយចំនួនតូចនោះ កុំប្រងើយកន្តើយ កុំបោះបង់ ត្រូវបន្តចុះសួរសុខទុក្ខឲ្យដូចសមាជិក ដើម្បីទាញយកសមានចិត្តពួកគាត់ឲ្យងាកមកគាំទ្រ ព្រោះជាពលរដ្ឋកម្ពុជាសុទ្ធសឹងមានឈាមជ័រខ្មែរដូចគ្នា ដែលត្រូវរួមរួមគ្នាបង្ហាញឲ្យយល់ច្បាស់ពីគោលនយោបាយយ៉ាងល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា៕