កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយមានករណីជម្លោះ ជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហូ ទី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា:
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖
១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យ
ទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្ម តាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។
គួរបញ្ជាក់ផងដែរថា ការស្នើសុំផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន គឺបន្ទាប់ពីមានការចែកចាយព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសរឿងជម្លោះជាមួយអ្នករត់តាក់ស៊ីដឹកអីវ៉ាន់ រហូតកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើអធិការកិច្ចភ្លាមៗ និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ ជាលទ្ធផលកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន រូបនេះតែម្ដង៕ដោយនិពន្ធនាយករង
សាន ប៊ុនស៊ី