ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
(បន្ទាយមានជ័យ)៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អេហ្សីប ខេធីវី ដែលទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឮថា ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីថា មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខានដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។
សេចក្តីរាយការណ៍ បានអោយដឹងថា អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។
សេចក្តីរាយការណ៍ បានបន្តថា ក្នុងមួយថ្ងៃៗ អេហ្សីប ខេធីវី មានភ្ញៀវចេញចូលមិនចេះដាច់ ពោលគឺទាំងយប់ទាំងថ្ងៃ មិនដឹងថា នៅក្នុងខេធីវីនោះ មានអ្វីប្លែក និងសំខាន់ ខ្លាំងជាងស្រី ស្រា និងល្បែងនោះទេ។
សូមអាជ្ញាធរ និងសមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រសួងពាក់ព័ន្ធ ជួយដាក់ការស៊ើបអង្កេតផងទាន ព្រោះកន្លងមក កន្លែងផ្សេងៗ មានការដាក់អោយប្រើប្រាស់នូវសាធាតុញៀនសម្បើមណាស់។
ជាក់ស្ដែងកាលអំឡុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខារ៉ាអូខេមួយកន្លែងមានយីហោ ឈ្មោះ ស្កាយ ខេធីវី មានការដាក់អោយប្រើប្រាស់នូវសារធាតុញៀន រហូតដល់មានការឃាត់ខ្លួន មនុស្សប្រុសស្រី រហូតដល់ទៅជាងមួយរយនាក់៕