ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំ

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤
(ភ្នំពេញ)÷
ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជាត់កាក់ល្អិតមិនលើកលែង បន្ទាប់ពីបានឡើងតំណែង ជាប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅរកប្រាក់ចំណូលជូនជាតិ។

ប៉ុន្តែ តាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើ ការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។

ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាមច្រកព្រំដែនចេញ-ចូលនិងខ្សែផ្លូវជាតិសំខាន់ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។

ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយ មន្ត្រីឯកសណ្ឋានគយធ្វើ សកម្មភាពជាចំហ ចរចាជាមួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាងថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជួក់សំណែនមិនឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។

រឿងនេះងាយយល់ទេ ប្រសិនបើគ្មានការបើកដៃពីលោក នូ សុីថាមន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តនោះទេ។

រឿងអាស្រូវពុករលួយរបស់លោក នូ សុីថា មានជំនាញខាងពុករលួយឲ្យមន្ត្រី ជំនិតៗរបស់ខ្លួនទៅអនុវត្តន៍ កាលពេលកន្លងមកនេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិចបន្តួច ឆ្លងដែនមានការប្រតាយប្រតប់គ្នានាគ្រាកន្លងទៅ។

បើតាមសេចក្តីរាយ ការណ៍បន្ថែមថា មួយរយៈពេលក្រោយនេះសកម្មភាពគយ បានរំជើបរំជួលខ្លាំងនៅក្នុងចំណោមអ្នករកស៊ីព្រោះតែការគាបសង្កត់ខ្លាំងហួសហេតុ។

ប្រភពរាយការណ៍ថា គយដែលជាកូនចៅ របស់លោក នូ ស៊ីថា ចងក្រងជាប្រព័ន្ធនៃការតាមដានសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ ដោយមិនឲ្យផុតមួយរថយន្តណាឡើយ។

ពួកគេប្រើជនស៊ីវិលបន្លំខ្លួនដើម្បីឃ្លាំមើលការដឹកជញ្ជូនទំនិញរបស់ឈ្មួញនៅតាមច្រកព្រំដែនរវាងប្រទេសជិតខាងគ្រប់ទីកន្លែង។ បន្ទាប់មកមន្ត្រីគយតូចតាចទាំងនោះ បានទាក់ទងទៅឈ្មួញដោយយក ឈ្មោះរបស់លោក នូ ស៊ីថា ទៅគំរាមកំហែងអ្នករកស៊ីដឹក ទំនិញឲ្យបងប្រាក់ឲ្យពួកខ្លួន។

ពួកគេតែងតែនិយាយថាវាជាវិធានការថ្មីឬចំណាត់ការថ្មីរបស់លោកនូស៊ីថា ដើម្បីរួមចំណែកប្រមូលពន្ធជូនជាតិ។ ប៉ុន្តែពួកឈ្មួញដែលរកស៊ីដឹងយ៉ាងប្រាកដថា គឺមិនមែនដើម្បីប្រមូលលុយជូនជាតិអ្វីទេ។ ផ្ទុយទៅវិញជាការប្រមូលលុយដាក់ហោប៉ៅរបស់ក្រុមលោក នូ ស៊ីថា នោះផ្ទាល់តែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.