(ខេត្តស្វាយរៀង)÷ប្រភពពីមន្រ្តីគយតូចតាចនៅខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាល ពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតដល់បច្ចុប្បន្ននេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើ ពុករលួយរបស់ប្រធានការិយាល័យគយតាមច្រកទ្វារព្រំដែនច្រើនកន្លែងក្នុងខេត្ត ស្វាយរៀង ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារ អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។
ប្រភពស្និទ្ធនឹងលោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំ ចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តបានឡើយ។ ទន្ទឹមនឹងនេះដោយសារមានការបើកដៃ ពីលោក ហេង សំបូរ មេសាខាគយខេត្តស្វាយរៀង ទើបប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនចូលមកខ្មែរយ៉ាងរលូន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក ហេង សំបូរ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀងតទៅទៀតនោះទេ។ មន្រ្តីគយក្នុងខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងទៀត ថា ឈ្មួញធំៗរកស៊ីនាំចូលទំនិញតាមច្រកព្រំដែនក្នុងខេត្តស្វាយ រៀង ហើយ ដឹកជញ្ជូនចូលមក រាជធានីភ្នំពេញ សុទ្ធ តែសុំការយោគយល់ពីលោកហេង សំបូរ ដើម្បីឲ្យអាជីវកម្មពួកគេប្រព្រឹត្តទៅដោយរលូន។ លោក ហេង សំបូរ បានយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងសុខសាន្ត។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថាលោក ហេង សំបូរ ចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ទើបខំប្រឹងស្រង់ដើមយ៉ាងពេញ បន្ទុក។ហេតុនេះសូមលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់វិធានការ ទប់ស្កាត់និងបង្រ្កាប ភាពមិនប្រក្រតីពុករលួយរបស់លោកមេសាខាគយខេត្តនិងមេៗការិយាល័យគយតាមច្រកទ្វារអន្តរ ជាតិដែលបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក៕
