(មណ្ឌលគិរី )÷ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រចាំថ្ងៃ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឆ្លៀតពេល ដើម្បីចូលរួមជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យ ដែលមានតម្រូវការឈាមចាំបាច់សម្រាប់សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ និងអ្នកជំងឺនានា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងក្រោមឱវ៉ាទ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងផ្តាំផ្ញើរថា កម្លាំងអាវុធហត្ថមិនត្រឹមតែមានតួនាទីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមនោះទេ កិច្ចការងារមនុស្សធម៌ ការងារសង្គម ក៏ជាភារកិច្ចដ៏សំខាន់របស់មន្ត្រីកម្លាំងអនុវត្តផងដែរ។ ជាក់ស្តែង យោធិនអាវុធហត្ថចំនួន ៤១នាក់ បានស្ម័គ្រចិត្តចូលរួម ក្នុងយុទ្ឋនាការបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ជាពិសេស នៅថ្ងៃទី១៤កុម្ភៈនេះ ដែលជាទិវានៃសេចក្តីស្រឡាញ់ និងបានសបញ្ជាក់ពីស្មារតីទទួលខុសត្រូវមួយផ្នែក ក្នុងនាមអ្នកការពារ បង្ការ និងសង្គ្រោះ ដែលកម្លាំងអាវុធហត្ថទាំងអស់ បានចំណាយទាំងកម្លាំងកាយចិត្ត ជូនដល់ជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណជាអនេកដល់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំងក្រោមឱវ៉ាទ ចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យ ដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ ឬជនរងគ្រោះក្នុងហេតុការនានា ខណៈដែលបច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី មានតម្រូវការឈាមច្រើន ដើម្បីជួយដល់អ្នកជំងឺ។
ក្នុងនាមមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពេទ្យបង្អែកខេត្ត សូមអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជន ជួយបរិច្ចាគឈាម ដើម្បីបង្ហាញពីក្តីស្រលាញ់ និងការធ្វើអំពើល្អនៅក្នុងសង្គម ក្នុងនាមជាពលរដ្ឋកម្ពុជា ជាពិសេស បានសង្គ្រោះមនុស្ស ដែលទន្ទឹងរង់ចាំការឧបត្ថម្ភឈាម ដើម្បីសង្រ្គោះជីវិតផងដែរ៕