ព័ត៌មានជាតិ

លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋ

(ត្បូងឃ្មុំ) ៖ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកក្រូចឆ្មារ អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តអំម្ពវ័ន្ត ឃុំទ្រា ស្ថិតនៅភូមិកន្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក វិស័យជំនាញស្រុក កងកម្លាំងទាំង បី ក្នុងមូលដ្ឋានស្រុក ការិយាយប្រជាពលរដ្ឋស្រុក ប្រធាន អនុប្រធាន និងមន្ត្រី ចំណុះឲ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

បន្ទាប់ពីបានបង្ហាញស្តីពីទិដ្ឋភាពរួម នៃកិច្ចការអភិវឌ្ឍ នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកក្រូចឆ្មារ លោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងពីគោលបំណង នៃអង្គវេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកសម្រចបាន តាមរយៈការអនុវត្តនូវសកម្មភាពនានានាពេលកន្លងទៅ។ ក្នុងនោះ រដ្ឋបាលស្រុក ក៏បានធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ របស់ពួកគាត់ សម្រាប់រដ្ឋបាលស្រុក យកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ ឲ្យកាន់តែល្អប្រសើរឡើង។

លោកប្រធានក្រុមប្រឹក្សាស្រុក ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ សូមលើកឡើងនូវបញ្ហាប្រឈម ទុក្ខកង្វល់ និងចម្ងល់ នានា នៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធ ធ្វើការប្រមូលនូវរាល់មតិយោបល់ និងបញ្ហាទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ។ ប្រសិនបើមានករណីដែលអាចដោះស្រាយបានភ្លាមៗ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយក្នុងករណីណា ដែលមិនទាន់អាចដោះស្រាយបានភ្លាមៗ ក៏នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូន នៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

ជាលទ្ធផលក្នុងអង្គវេទិការនាថ្ងៃនេះ គឺទទួលបានសំណួរ សំណូមពរ និងចម្ងល់ ពីសំណាក់រដ្ឋបាលឃុំ ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចភាគីពាក់ព័ន្ធ ដោយមានការឡើងសួរសំណួរផ្ទាល់មាត់ និងសរសេរ មានចំនួន០៦ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូទឹក , អគ្គិសនី, អត្រានុគោលដ្ឋាន, ចរាចរណ៍ និងសេវារដ្ឋបាល។

ក្នុងឱកាសនោះ ត្រូវបានលោក អ៉ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ ព្រមជាមួយសាមីវស័យជំនាញ អង្គភាពការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ និងដោះស្រាយ ជូនដល់អង្គវេទិកាទាំងមូល ទទួលជ្រាប កាន់តែយល់ច្បាស់លាស់ និងទទួលយកបាន។

ឆ្លៀតក្នុងឱកាសនោះ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ក៏បានជម្រុញ និងលើទឹកចិត្ត ដល់រដ្ឋបាលឃុំ វិស័យជំនាញ និងអង្គភាពពាក់ព័ន្ធ សូមរួមសហការគ្នាធ្វើការដោះស្រាយនូវរាល់បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ទៅតាមភាពជាក់ស្តែង នៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។ បន្ថែមលើនេះ ក៏ត្រូវជួយសម្របសម្រួល និងដោះស្រាយនូវរាល់ទុក្ខលំបាកនានា ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ចូលមកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ដែលបានចូលមកក្នុងមូលដ្ឋានស្រុក បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធចោរឈ្លានពានថៃ(សៀម) មកលើកម្ពុជា សំដៅធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលភាពកក់ក្តៅ និងមានទំនុកចិត្តខ្ពស់៕

Leave a Reply

Your email address will not be published.