​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរាបានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​ស​ង់​ទី​​ម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន  ។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំឲ្យអាជ្ញាធរអប្សរា​ សហ​កា​​​​រជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំ​ង​​​​នៃកសិន្ធុប្រាសាទអង្គរវត្ត ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ ។ មន្ត្រីជំនាញនឹងប្រើប្រា​​ស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ការអូសមង ឬ ការឆ្លុះនឹងកែវឆ្លុះចាប់នៅពេលយប់ ។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូច មិនទាន់អាចបង្កគ្រោះ​ថ្នាក់អ្វីឡើយ  ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕