ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី)

ចំណុចប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​​បញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) ស្ថិ​តនៅឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩៖

១. អំណោយផលនៃសុខសន្តិភាពក្នុងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ ហើយដែ​ល​មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា កំពុងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកប​ដោ​យសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារញាតិមិត្ត មានឱកាសធ្វើបុណ្យធ្វើទាន និ​​ងកសាងសមិទ្ធិផលនានារួមគ្នា ដូចដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ ដោយមានការចូលរួមផងដែរពីសំណាក់បងប្អូ​​ន​ខ្មែរមកពីសហរដ្ឋអាមេរិក ជាការបញ្ជាក់បានថា “ជាជនជាតិខ្មែរ ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ហើយបេះដូងទៅណាមិនឆ្ងាយពីស្រុកកំណើតនោះទេ” ។

២. ការកសាងសមិទ្ធផលផ្នែកពុទ្ធចក្រ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនស្ថិត​ស្ថេ​រគង់វង្ស។ ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ សីលធម៌ គុណធម៌ ណែនាំឱ្យធ្វើបុណ្យ ចៀសវាងការប្រព្រឹត្តអំ​ពើ​​បាប ជាពិសេសសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវសន្តិភាពផ្លូវចិត្ត ចាកឆ្ងាយពីអំពើហឹង្សា។ កម្ពុជា ជាប្រទេសមានសុខ​ដុ​ម​នីយកម្មសាសនា ដែលគ្រប់សាសនិកទាំងអស់រស់នៅជាមួយគ្នាប្រកបដោយសន្តិភាព។ គ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធសា​ស​នា គ្រិស្តសាសនា និងឥស្លាមសាសនាជាដើម តែងបង្រៀនមនុស្សឱ្យប្រព្រឹត្តល្អ។

៣. ការបែកបាក់និរាសព្រាត់ប្រាស់ និងការវិនាសហិនហោចគ្រប់បែបយ៉ាង នឹងកើតមាន ប្រសិនបើសន្តិភាពត្រូវបានបំផ្លិចបំ​ផ្លា​ញ ។ សន្តិភាព គឺជាសមិទ្ធផលដែលត្រូវបានកសាងឡើងដោយការលំបាកបំផុត ប៉ុន្តែអាចនឹងត្រូវដុតបំផ្លាញដោយងាយស្រួ​ល ​។ ខ្មែរទាំងអស់គ្នាចង់រស់នៅសុខសាន្តបន្តទៅមុខទៀត ដូច្នេះ កុំបំផ្លាញអ្វីៗដែលមានស្រាប់ ត្រូវរួមគ្នាបន្តកសាងជាបន្តបន្ទាប់លើមូលដ្ឋានកំពុងមាននេះ ជាពិសេស ការកសាងឱកាសសម្រាប់អ្នកជំនាន់ក្រោយ ក្នុងនោះមានឱកាសសិក្សារៀនសូត្រ ដើ​​​ម្បីឱ្យពួកគេក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្រុកភូមិកំណើតរបស់ខ្លួន​។​

៤. អ្វីដែលសំខាន់បំផុតក្នុងពេលនេះសម្រាប់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គឺការឆ្លើយតបទៅនឹងតម្រូវ​កា​រជាមូលដ្ឋានរបស់ប្រជាជន គឺសន្តិសុខ សុវត្ថិភាព សេវាសុខាភិបាល ការអប់រំ ទឹក ភ្លើង និងផ្លូវធ្វើដំណើរ ក៏ដូចជាតម្រូវការថ្មី​ៗ​​ថែ​មទៀត ដែលចេះតែកើនឡើងរហូត ស្របតាមការវិវឌ្ឍនៃសង្គមជាតិ។

៥. គ្មានការងារណា ដែលល្អឥតខ្ចោះនោះទេ ដូច្នេះមានតែការខិតខំប្រឹងប្រែងបន្តដោះស្រាយជាប្រចាំនូវរាល់ការខ្វះខាត និងប​ញ្ហា​អវិជ្ជមាន ទើបធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃការអភិវឌ្ឍប្រទេស ដែលនេះគឺយុទ្ធសាស្ត្រគោលនយោបាយរបស់រា​ជ​​រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ។

៦. សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបម្រើប្រជា​ជ​ន នៅក្នុងគ្រប់កាលៈទេសៈ ដែលខុសពីអ្នកនយោបាយមួយចំនួន បានយកជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ជា​ល្បែងក្នុងនយោបាយបម្រើឱ្យមហិច្ឆិតាល្មោភចង់បានអំណាចរបស់ខ្លួន ដោយមិនគិតពីការស្លាប់រស់របស់ប្រជាជន និងប្រ​ទេ​សជាតិ។

៧. សូមថ្លែងអំណរគុណចំពោះលោកយាយលោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានចូលរួមចំណែកទាំងអស់គ្នាក្នុង​ការកសាងប្រទេសជាតិ និងមូលដ្ឋានភូមិឃុំ មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ជាពិសេសតាមរយៈការចូលរួមគាំទ្ររាជ​រដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខជានិច្ច។ ការសម្រេចចិត្តនេះ គឺជាការស​ម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់សេចក្តីសុខខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

៨. ដូចគ្នានឹងវិនាសកម្មដែលកើតមានចំពោះកម្ពុជានៅក្នុងឆ្នាំ១៩៧០ ដែលនាំកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំ​រ៉ៃដែរ។ កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ក៏ប្រឈមមុខផងដែរចំពោះហានិភ័យដ៏គ្រោះថ្នាក់ ដែលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខជាតិ។ ដូច្នេះសូមលោកយាយ លោកតា អ៊ំពូងមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារឱ្យបានដាច់ខាត នូវសន្តិភាពដែលកំពុងមានសព្វថ្ងៃ ទោះក្នុងតម្លៃណាក៏ដោយ។ គ្រោះថ្នាក់នេះមិនអាចកើតមានបានឡើយ ប្រសិនបើប្រជាពលរដ្ឋយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយចូលរួមថែរក្សាការពារទាំងអស់គ្នា ដោយមិនចាញ់កលល្បិចញុះញង់បំបែកបំបាក់របស់អ្នកនយោបាយស្រេកឃ្លានអំណាចទាំងអស់នោះ។ នេះ គឺជាការដាស់តឿនរំលឹកស្មារតីសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះប្រសិនយើងមិនអាចការពារ សន្តិភាពបាន ដោយបណ្តោយឱ្យបាត់បង់ដោយសារការញុះញង់នេះ នោះអ្វីៗដែលបានខិតខំកសាងបានកន្លងមក ហើយដែលយើងកំពុងរីករាយទទួលផល នឹងបាត់បង់ទៅសូន្យសុង និងមានតែការឈឺចាប់ខ្លោចផ្សា មិនអាចមានឱកាសត្រលប់ក្រោយវិញបានឡើយ។

៩.នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ សូមលោកយាយ លោកតា អុំពូងមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិសារអំបុកខ្មែរ ថែជាតិ ៕