អាជ្ញាធរ និងមន្ត្រីជំនាញខេត្តព្រៃវែង ចុះណែនាំដល់ប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរចិញ្ចឹមក្រពើ ដែលមិនមានច្បាប់ត្រឹមត្រូវ

ខេត្តព្រៃវែង ៖ ដោយមានការចុះផ្សាយពីសារព័ត៌មានផ្សេងៗ និងមានការរិះគន់ពីប្រជាពលរដ្ឋ ដែលនៅក្នុងភូមិផងរបងជា​មួ​យ​​​​​​​នឹងផ្ទះជិតខាងផ្ទះ កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលកំពុងតែបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ពួកគាត់ ទើបនៅរសៀលថ្ងៃ​​​​​ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានឲ្យ លោក ចាន់ រ៉ាន់អភិបាលរងខេត្ត និងលោក អ៊ុក សំ​ណា​ង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ ចុះទៅពិនិត្យ នៅទីតាំងជាក់ស្ដែងតែម្តង ។

ក្នុងការចុះពិនិត្យដល់ទីតាំងកន្លែងជាក់ស្ដែងនោះផងដែរ អាជ្ញាធរបានឃើញមានក្រពើចំនួន ៣៨០ក្បាលដែលម្ចាស់ចិញ្ចឹមក្រ​ពើ​នោះ​​​​​​​មានឈ្មោះបាន នាងភេទស្រីអាយុ ៤៨ ឆ្នាំ ជាតិខ្មែរនៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានណែនាំដល់ម្ចាស់ទីតាំងដែលចិញ្ចឹមក្រពើ ត្រូវធ្វើកិច្ចសន្យាជាមួយ នឹងមន្ត្រីជំនាញដើម្បី​សុំ​​លិខិតអាជីវកម្មអនុញ្ញាតឲ្យចិញ្ចឹមក្រពើ និងលិខិតដឹកជញ្ជូនក្រពើ និងលិខិតអនុញ្ញាតផ្សេងៗទៀត ។ និងត្រូវរៀបចំកន្លែងចិញ្ចឹមឲ្យបានត្រូវ នឹងស្តង់ដាបច្ចេកទេសដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ភូមិផងរបងជាមួយនោះ​ ។

ក្នុងចេះការចុះពិនិត្យដល់ទីតាំងចិញ្ចឹមក្រពើនោះលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏បានឱ្យម្ចាស់ទីតាំងចិញ្ចឹមក្រពើអនុវត្តតា​ម​កិច្ចសន្យា ៤ ចំណុចដូចខាងក្រោម ៖

១-ត្រូវឲ្យម្ចាស់ទីតាំងចិញ្ចឹមក្រពើធ្វើសំណើស្នើសុំលិខិតអនុញ្ញាតចិញ្ចឹមក្រពើស្របតាមនីតិវិធី និងសុំលិខិតអនុញ្ញាតដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ។

២-សាងសង់អាងចិញ្ចឹមក្រពើបន្ថែមទៀតឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេសឲ្យបានរួចរាល់ក្នុងរយៈពេល ២៥ ថ្ងៃចា​ប់​ពី​​​ថ្ងៃទី ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៩ នេះជាកំហិត ដោយធ្វើរបងបេតុងឥដ្ឋ កម្រាស់ ២០ កម្ពស់ ១.២ម៉ែត្រ ធ្វើរបងសំណាញ់ដែកតពីឥដ្ឋឲ្យបានកម្ពស់ ៤ ម៉ែត្ រ។

៣-ម្ចាស់ទីតាំងចិញ្ចឹមក្រពើត្រូវធានាបរិស្ថានក្នុងការចិញ្ចឹមក្រពើ និងធានាសុវត្ថិភាពដល់ការរស់នៅផ្ទាល់និងអ្នករស់នៅជុំវិញ ។​

៤-ម្ចាស់ទីតាំងចិញ្ចឹមក្រពើបើចង់បន្ថែមក្រពើ និងលក់ក្រពើត្រូវផ្ដល់ដំណឹងជូនសមត្ថកិច្ច និងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាដា​ច់​ខាត ។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏បានណែនាំដល់ម្ចាស់ទីតាំងចិញ្ចឹមក្រពើនោះថាប្រសិនបើការចិញ្ចឹមក្រពើនេះមានបញ្ហាដ​ល់​​បងប្អូនប្រជាពលរដ្ឋដែលនៅជិតភូមិផងរបងជាមួយគឺម្ចាស់ចិញ្ចឹមក្រពើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ករណីប្រសិនបើពិនិត្យឃើញថាការចិញ្ចឹមមិនត្រូវតាមស្តង់ដាបច្ចេកទេស បទដ្ឋានរបស់មន្ទីរជំនាញ លោកនិងបិទទីតាំងចិញ្ចឹមក្រពើនេះតែម្ត​ង​ ៕